ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្តើមនៅថ្ងៃទី ១០ សីហានេះ ដោយមានបេក្ខជនប្រឡងប្រមាណជាង ១៥ម៉ឺននាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រជិត៤ម៉ឺននាក់ និង បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមជាង ១១ម៉ឺននាក់។ការប្រឡងបាក់ឌុបថ្ងៃទី ១០ សីហា ក្រសួងអប់រំ ប្រកាស ឈរលើគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន» ពោល « អ្នកចេះ គឺជាប់»។
តួលេខចុងក្រោយប្រកាសដោយក្រសួងអប់រំ សម្រាប់ការប្រឡងបាក់ឌុប នៅឆ្នាំនេះមានបេក្ខជនប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) និង បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។
ចំណែកមណ្ឌលប្រឡង មានចំនួនសរុប ២៤៤មណ្ឌល ស្មើនឹង ៦ ១០៤បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៦៨មណ្ឌល ស្មើនឹង ១ ៥២៦បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦មណ្ឌល ស្មើនឹង ៤ ៥៧៨បន្ទប់។
ចំពោះ វិញ្ញាសាប្រឡង ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និង គ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧មុខវិជ្ជា។ទម្រង់វិញ្ញាសាត្រូវបានរៀបចំជា ២ប្រភេទ គឺ ទម្រង់វិញ្ញាសាកត់លើក្តារខៀន និងទម្រង់វិញ្ញាសាចែកជូនបេក្ខជន។
ក្រសួងអប់រំ បានសង្គត់ធ្ងន់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»។ ក្រសួងអប់រំ បានអំពាវនាវដល់បេក្ខជនទាំងអស់ គោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជនដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕