ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ១១២ករណី និងសង្គ្រោះជនរងគ្រោះចំនួន៥៨១នាក់ (ស្រី៣៣៣នាក់)។ ចំនួនខាងលើនេះបើធៀបឆមាសទី១ ឆ្នាំ២០២៥ កើនឡើង ១៣ករណី ស្មើ ១៣,១៣ភាគរយ។
យោងតាមរបាយការណ៍របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន ករណីជួញដូរមនុស្សចំនួន ៤៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៣នាក់ (ស្រី៣នាក់) សង្គ្រោះជនរងគ្រោះចំនួន ៣២៧នាក់ (ស្រី១១១នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ២៣នាក់ (ស្រី១៥នាក់) អាយុ១៥-១៧ឆ្នាំ ១៩នាក់ (ស្រី៦នាក់) និងអាយុ១៨ឆ្នាំឡើង ២៨៥នាក់ (ស្រី៩០នាក់)។
ចំណែកករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន៦៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១១៦នាក់ ស្រី៣០នាក់ មានជនជាតិបរទេស ៣៤នាក់ (ចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ ជប៉ុន១នាក់) សង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ (ស្រី២២២នាក់) មានអាយុក្រោម១៥ឆ្នាំ ៥៥នាក់ (ស្រី៥១នាក់) អាយុ១៥-១៧ឆ្នាំ ៧៨នាក់ (ស្រី៧៥នាក់) និងអាយុ១៨ឆ្នាំឡើង ១២១នាក់ ស្រី៩៦នាក់។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន ១៦៩នាក់ (ស្រី ៣៣នាក់)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនបរទេសចំនួន ៣៤នាក់ (ស្រី៣នាក់) រួមមាន ជនជាតិចិន២៩នាក់ វៀតណាម ៣នាក់ បង់ក្លាដេស១នាក់ និងជនជាតិជប៉ុន១នាក់៕