ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណី«ឆ្លងមេរោគអេដស៍»សរុបចំនួន ៥៥៧,៩៩៣ ករណី ទោះបីជាចំនួនអ្នកឆ្លងថ្មីបានថយចុះប្រមាណ ១២,០០០ ករណី ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមខេត្ត-ក្រុងទាំង ៧៧ របស់ថៃ មាន ១៣ ខេត្ត-ក្រុង ដែលកត់ត្រាករណីឆ្លងលើសពី ១០,០០០ ករណី ដោយទីក្រុងបាងកកឈរនៅកំពូលតារាងមាន ៨៨,៥៣៥ ករណី បន្ទាប់មកគឺខេត្តឈុនបុរី (៣១,០៧២ ករណី) ខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ (១៧,៥២៤ ករណី)។
យោងតាមការចេញផ្សាយរបស់កាសែត The Laotian Times ក្រុមយុវជនថៃ អាយុពី ១៥ ដល់ ២៤ ឆ្នាំ គឺជាក្រុមដែលប្រឈមហានិភ័យខ្ពស់បំផុត ដោយសារការធ្វេសប្រហែស និងការមិនបានប្រើប្រាស់ស្រោមអនាម័យជាប្រចាំ ប៉ុន្តែលទ្ធផលនៃការព្យាបាលនៅថៃមានភាពល្អប្រសើរ ដោយអ្នកជំងឺភាគច្រើនត្រូវបានចុះបញ្ជី និងទទួលការព្យាបាលដោយឱសថប្រឆាំងវីរុស (ART)។
អាជ្ញាធរសុខាភិបាលក្នុងតំបន់អំពាវនាវឱ្យបង្កើនការធ្វើតេស្តស្វែងរកមេរោគអេដស៍ និងបង្កើនការអប់រំការពារខ្លួន ជាពិសេសក្នុងចំណោមក្រុមយុវជន និងក្រុមប្រឈមខ្ពស់។ផ្អែកលើការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មេរោគអេដស៍នៅតែមិនទាន់មានថ្នាំព្យាបាលឱ្យជាសះស្បើយឡើយ ប៉ុន្តែការប្រើប្រាស់ថ្នាំលេបប្រចាំថ្ងៃអាចជួយទប់ស្កាត់ការចម្លង និងរក្សាសុខភាពអ្នកជំងឺបានល្អ ប្រសិនបើតស៊ូព្យាបាល និងមិនបណ្តែតបណ្តោយឱ្យវិវត្តទៅជាជំងឺអេដស៍ (AIDS) ។
គួរបញ្ជាក់ថា នៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់មេគង្គ ប្រទេសឡាវបានរកឃើញអ្នកឆ្លងថ្មីចំនួន ១,៦១៧ ករណី ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៥ (ភាគច្រើនក្រុមមនុស្សអាយុពី ១៥ ដល់ ២៩ ឆ្នាំ) ។ចំពោះទិន្នន័យក្នុងប្រទេសផ្សេងទៀតក្នុងតំបន់ របាយការណ៍បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាមានប្រជាជនប្រហែល ៧៦,០០០ នាក់កំពុងរស់នៅជាមួយមេរោគអេដស៍ ខណៈដែលអង្គការ UNAIDS បានប៉ាន់ប្រមាណថា ប្រទេសវៀតណាមមានអ្នកឆ្លងសរុបប្រមាណ ២៧០,០០០ នាក់៕