ក្រចេះ៖ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា នៅថ្ងៃទី០៥សីហាបានចុះធ្វើទស្សនកិច្ចពិនិត្យជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលជាដែនជម្រកធម្មជាតិដ៏សំខាន់បំផុតរបស់សត្វផ្សោតទន្លេមេគង្គ។
ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់ដោយជោគជ័យ នៃសិក្ខាសាលាថ្នាក់តំបន់ ស្ដីពី «ការកំណត់អត្តសញ្ញាណជីវសាស្រ្តក្នុងទឹក» តាមរយៈបច្ចេកវិទ្យាទំនើប eDNA (Environmental DNA) ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ។
ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល និងអ្នកជំនាញពាក់ព័ន្ធ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាសក្ខីភាពបង្ហាញពី «ការប្តេជ្ញាចិត្តរួមគ្នា» យ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសតាមដងទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហាននៃការនាំយកបច្ចេកវិទ្យា eDNA មកអនុវត្តជាក់ស្តែង ដើម្បីសិក្សាស្រាវជ្រាវ ការពារជីវចម្រុះ និងថែរក្សាបរិស្ថានអេកូឡូស៊ីទន្លេមេគង្គឱ្យបានគង់វង្ស និងមានចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕