សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំឆ្លើយតបបញ្ហារលកកំដៅដែលកំពុងតែផ្ទុះខ្លាំងក្នុងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ថា កំដៅខ្លាំងក្នុងកម្រិតដែលកូរ៉េមិនធ្លាប់ជួបប្រទះកំពុងបន្តជារៀងរាល់ថ្ងៃ និងបង្កបញ្ហាកាន់តែខ្លាំងដល់សុខភាពរបស់ពលរដ្ឋកូរ៉េ លោកថាស្ថានភាពរលកកំដៅដែលធ្លាប់ឃើញតែនៅក្នុងរបាយការណ៍ព័ត៌មានបរទេសឥឡូវនេះបានក្លាយជាការពិតដែលប្រទេសលោកកំពុងតែជួបផ្ទាល់ ។ លោក Lee បានបញ្ជាឱ្យក្រសួង និងរដ្ឋាភិបាលមូលដ្ឋានចល័តបុគ្គលិក និងធនធានដែលមានទាំងអស់រហូតដល់រលកកំដៅថយចុះ ដោយផ្តោតសំខាន់លើការការពារជីវិត និងសុវត្ថិភាពរបស់ប្រជាជន។ ចំណាត់ការរបស់លោកនេះធ្វើឡើងភ្លាមៗបន្ទាប់ពីរលកកំដៅនៅក្នុងប្រទេសកូរ៉េខាងត្បូង ឡើងដល់កម្រិតកំពូលលើទីក្រុងសេអ៊ូលដល់ទៅ ៣៩ អង្សាសេ និងមានមនុស្សស្លាប់ជាង ២០ នាក់។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា អង្គការបេស្បលកូរ៉េបានលុបចោលការប្រកួតចំនួន ១០ ដែលបានគ្រោងទុកសម្រាប់ធ្វើឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកទស្សនាមួយចំនួនបានដួលសន្លប់ដោយសារកំដៅ រួមទាំងអ្នកគាំទ្រម្នាក់ដែលបានដួលសន្លប់ក្នុងអំឡុងពេលប្រកួតមួយនៅទីក្រុងអ៊ីនឈុន។
អ្នកឧតុនិយមកូរ៉េខាងត្បូងអះអាងថា ព្យុះទីហ្វុងដូហ្វីន ទោះបីជាមិនបង្កការគំរាមកំហែងដោយផ្ទាល់ដល់កូរ៉េខាងត្បូងក៏ដោយ តែព្យុះនេះអាចនឹងរួមចំណែកបង្កើនកំដៅកាន់តែខ្លាំងឡើង ដោយព្យុះដូហ្វីននឹងបង្កើនខ្យល់ពីទិសខាងកើតដែលឆ្លងកាត់ឆ្អឹងខ្នងភ្នំនៃឧបទ្វីបកូរ៉េ និងចុះមកលើតំបន់ភាគខាងលិចជាខ្យល់ក្តៅ និងស្ងួត ដែលបង្កើនកំដៅនៅទីក្រុងសេអ៊ូល និងកន្លែងផ្សេងទៀតក្តៅកាន់តែខ្លាំង។
ក្នុងនោះសីតុណ្ហភាពដែលបានព្យាករណ៍នឹងនាំទីក្រុងសេអ៊ូលឱ្យជិតដល់កម្រិតក្តៅដល់ទៅ ៣៩.៦°C ដែលធ្លាប់បានកើតឡើងក្នុងខែសីហា ឆ្នាំ ២០១៨ ក្នុងអំឡុងពេលរលកកំដៅប្រវត្តិសាស្ត្រចុងក្រោយរបស់កូរ៉េ ដែលចំនួនតួលេខកំដៅបែបនេះនឹងកើតមានឡើងម្តងទៀត៕