ថៃ៖ អាជ្ញាធរថៃ នៅថ្ងៃទី០៦ ខែសីហានេះ បានរឹតបន្តឹងវិធានការសន្តិសុខយ៉ាងម៉ឺងម៉ាត់ ខណៈដែលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) មកបំពេញទស្សនកិច្ចនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។ អំឡុងពេលនេះ ពលករចំណាកស្រុកមីយ៉ាន់ម៉ាជាច្រើនរូបបានរាយការណ៍ថា ពួកគេត្រូវបានអាជ្ញាធរថៃ រឹតត្បិតមិនឱ្យរៀបចំការតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកមីន អ៊ុងឡាំង ឡើយ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy ពលករមីយ៉ាន់ម៉ានៅតំបន់មហាឆៃ (Mahachai) ប្រទេសថៃ បានបញ្ជាក់ថាកំឡុងដំណើរទស្សនកិច្ចនេះ ពួកគេត្រូវបានព្រមានកុំឱ្យប្រមូលផ្តុំគ្នានៅមុខស្ថានទូតថៃឡើយ។ តំណាងសម្ព័ន្ធជួយពលករ លោក អ៊ូ ខាញ ជី (U Khine Gyi) បានបញ្ជាក់ថា អាជ្ញាធរថៃ អនុញ្ញាតឱ្យតវ៉ាត្រឹមតែ ៥ ទៅ ១០នាទីប៉ុណ្ណោះ ហើយបានគំរាមចាប់ខ្លួនប្រសិនបើមានមនុស្សចូលរួមច្រើន។
ទោះជាយ៉ាងក៏ដោយក្រុមបាតុករនៅតែគ្រោងរៀបចំការតវ៉ាដដែល និងបានសម្តែងការខឹងសម្បារចំពោះរដ្ឋាភិបាលថៃដែលទទួលស្គាល់លោក មីន អ៊ុងឡាំង ដោយលើកឡើងថា ការធ្វើបែបនេះធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាកាន់តែប្រឈមមុខនឹងគ្រោះថ្នាក់។
គួររំលឹកថា ក្រុមសកម្មជននៃចលនាសាមគ្គីភាពមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារកន្លងទៅ បានធ្វើបាតុកម្មនៅមុខស្ថានទូតថៃ ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសថៃ កុំឱ្យមានទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា។ នាថ្ងៃព្រហស្ប្តិ៍នេះ អង្គការសង្គមស៊ីវិលថៃចំនួន១៦ ក៏បានចេញសេចក្ដីថ្លែងការណ៍ប្រឆាំងដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ារូបនេះមកថៃផងដែរ៕