Swift cc time

កម្ពុជាត្រូវការ«អ្នកជំនាញទឹកស្អាត»ច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា “ទឹកស្អាតមានសារសំខាន់មិនត្រឹមតែសម្រាប់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មសេដ្ឋកិច្ច របស់កម្ពុជាផងដែរ។ កម្ពុជាត្រូវការអ្នកជំនាញទឹកស្អាតច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ តម្រូវការពង្រីកសេវា ការលើកកម្ពស់គុណភាពទឹក និងការពង្រឹងភាពធន់នៃវិស័យ។“

ប្រសាសន៍របស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងនៅចំពោះមុខលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន៥រូប ដែលទទួលបានអាហារូបករណ៍សហភាពអឺរ៉ុបជំនាញទឹកស្អាត (European Global Gateway Scholarship in Water Professions) នៅទីស្តីការក្រសួង ដោយបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ ខិតខំសិក្សារៀនសូត្រនៅអឺរ៉ុប និងវិលត្រឡប់មករួមចំណែកអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។

កម្មវិធីអាហារូបករណ៍នេះគាំទ្រដោយសហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងសមត្ថភាពធនធានមនុស្សជំនាញទឹកស្អាតរបស់កម្ពុជា តាមរយៈការផ្តល់ឱកាសសិក្សា និងអភិវឌ្ឍជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់របស់ជាតិ។

លោក Igor Driesmans បានលើកឡើងថា៖ “កម្មវិធីអាហារូបករណ៍ European Global Gateway គឺជាការវិនិយោគលើធនធានមនុស្ស និងអនាគតរបស់កម្ពុជា។ តាមរយៈការវិនិយោគលើយុវជនកម្ពុជាដែលមានសក្តានុពល ជាពិសេសក្នុងវិស័យទឹកស្អាត យើងកំពុងពង្រឹងភាពជាដៃគូរយៈពេលវែងរវាងសហភាពអឺរ៉ុប និងកម្ពុជា។ យើងសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ដែលនិស្សិតទទួលបាននឹង ផ្តល់ផលប្រយោជន៍ដល់ទាំងកម្ពុជា និងសហភាពអឺរ៉ុប និងរួមចំណែកកសាងអនាគតប្រកបដោយចីរភាព។”

ក្រុមនិស្សិតជ័យលាភីបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រកម្មវិធីនេះ។ ក្រុមនិស្សិតក៏បានប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្រឱ្យទទួលបានជោគជ័យ តំណាងឱ្យប្រទេសកម្ពុជាប្រកបដោយវិជ្ជាជីវៈ គាំទ្រគ្នាទៅវិញទៅមកក្នុងអំឡុងពេលសិក្សា និងយកចំណេះដឹងដែលទទួលបានមករួមចំណែកពង្រឹងការអភិវឌ្ឍវិស័យទឹកស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព៕


Khcct banner

អត្ថបទទាក់ទង