ខេត្តពោធិ៍សាត់៖ គិតមកដល់ពេលនេះ មាន«សមត្ថកិច្ចចំនួន២នាក់ និងប្រជាការពារ»ចំនួន៣នាក់ សរុប៥នាក់ បានពលី ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកវាលវែង។នេះបើយោងតាមរបាយការណ៍របស់ពីស្នងការនគរបាលខេត្តពោធិ៍សាត់។
បើតាមរបាយការណ៍ ករណីនេះ កើតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយជនល្មើសប្រើប្រាស់គ្រឿងញៀន និង ប្រើអំពើហិង្សាក្នុងគ្រួសារ ហើយកម្លាំងសមត្ថកិច្ច បានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងបានចាត់ទុកការ ពលិកម្មមន្ត្រីនគរបាលជាតិ និង ប្រជាការពារ រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និង ជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា។
គួរបញ្ជាក់ថា សមត្ថកិច្ច២នាក់ និងប្រជាការពារ៣នាក់ សរុប៥នាក់ មាន -លោក សាម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់) ២-លោក សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (ស្លាប់) ៣-លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់) ៤-លោក សុខ អាន ប្រជាការពារ (ស្លាប់) ៥-លោក ចិន្ដា ប្រជាការពារ (ស្លាប់)។ចំណែក លោក វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)។រីឯជនបង្កឈ្មោះ អែម ដុំ បានស្លាប់៕