សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ សហការជាមួយអង្គការគាំពារមរតកវប្បធម៌ខ្មែរ បានរៀបចំកម្មវិធីទស្សនាការជួសជុល អភិរក្សកុលាលភាជន៍ ជូនដល់សិស្សានុសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ មានសិស្សសរុបចំនួន ៧០នាក់ នៃសាលាបឋមសិក្សាតាប៉ាង។ សាលានេះ ស្ថិតក្នុងភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង។
ការយល់ដឹងពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរមានសារៈសំខាន់ណាស់ចំពោះសិស្សានុសិស្សក្នុងតំបន់អង្គរ ព្រោះជាមរតកដូនតាដែលកូនខ្មែរគ្រប់រូបត្រូវយល់ដឹង។ លោក ឆាយ រចនា ប្រធានការិយាល័យនៃអាជ្ញាធរជាតិអប្សរា ជាគ្រូឧទ្ទេសបានពន្យល់បង្ហាញឱ្យសិស្សានុសិស្សទាំងអស់យល់ដឹងអំពី កុលាលភាជន៍ដូនតាដែលទទួលបានពីលទ្ធផលកំណាយសិក្សាស្រាវជ្រាវ និងជួសជុលរក្សាទុកជាភស្តុតាងប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ។ ក្នុងកម្មវិធីទស្សនានេះ សិស្សទាំងអស់បានចូលរួមកត់ត្រា និងសាកល្បងអនុវត្តស្មូនត្រាប់តាមកុលាលភាជន៍ដូនតារបស់ខ្លួនដោយក្តីរីករាយផងដែរ។
ចំពោះកម្មវិធីអប់រំបេតិកភណ្ឌនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៧ ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សក្នុងតំបន់អង្គរយើង យល់ដឹងពីតម្លៃមរតកដូនតាដែលបានបន្សល់ និងបន្តវេនកិច្ចអភិរក្ស ថែរក្សាមរតកដ៏មានតម្លៃទាំងនេះ ឱ្យបានគង់វង្ស៕