Swift cc time

Chevening ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតខ្មែរបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅចក្រភពអង់គ្លេស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ប្រកាសបើកទទួលពាក្យ ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងស្រុងដល់និស្សិតជ័យលាភី ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) នៅតាមសាកលវិទ្យាល័យល្បីៗនៅក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍នេះផ្តោតសំខាន់លើអ្នកដឹកនាំវ័យក្មេង និងអ្នកជំនាញ ដែលមានបំណងចង់ពង្រឹងសមត្ថភាព និងជះឥទ្ធិពលដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យអាទិភាពរួមសម្រាប់ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។

យោងតាមការផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា អាហារូបករណ៍ Chevening ផ្តល់ជូនដល់បេក្ខជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ជីវភាព ឬបទពិសោធន៍ឡើយ ឱ្យតែបេក្ខជនទាំងនោះមានការតាំងចិត្តខ្ពស់ និងមានជំនាញច្បាស់លាស់ក្នុងការកសាងខ្លួនជាអ្នកដឹកនាំនាពេលអនាគត។ អ្នកដាក់ពាក្យត្រូវតែមានផែនការសកម្មភាពច្បាស់លាស់ ប្រកបដោយលទ្ធភាពជោគជ័យខ្ពស់ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសរបស់ខ្លួន។ បន្ថែមពីនេះ បេក្ខជនត្រូវបង្ហាញយ៉ាងច្បាស់ថា សញ្ញាប័ត្រពីចក្រភពអង់គ្លេសនឹងក្លាយជាស្ពានចម្លងដ៏សំខាន់ ក្នុងការបំប្លែងផែនការជីវិត និងមហិច្ឆតារបស់ពួកគេឱ្យក្លាយជាការពិតជាក់ស្តែង។

បើតាមប្រភពដដែល អាហារូបករណ៍ Chevening គឺជាប្រភេទអាហារូបករណ៍ពេញថ្លៃ (១០០%) ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងស្រុងដល់និស្សិតជ័យលាភី ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ (Master's Degree) នៅតាមសាកលវិទ្យាល័យល្បីៗណាមួយ ក្នុងចំណោមសាកលវិទ្យាល័យជាង ១៥០ នៅក្នុងចក្រភពអង់គ្លេស។

កញ្ចប់អាហារូបករណ៍នេះរ៉ាប់រងយ៉ាងពេញលេញលើថ្លៃសិក្សាទាំងស្រុង, ប្រាក់ឧបត្ថម្ភការចំណាយប្រចាំខែ, សំបុត្រយន្តហោះធ្វើដំណើរទៅ និងត្រឡប់មកវិញ, ថ្លៃធ្វើទិដ្ឋាការ (Visa), ថ្លៃចំណាយសម្រាប់ចូលរួមកម្មវិធីផ្សេងៗក្នុងប្រទេសអង់គ្លេស ព្រមទាំងប្រាក់ឧបត្ថម្ភដំបូងសម្រាប់ការមកដល់ចក្រភពអង់គ្លេសផងដែរ។ បន្ថែមពីលើការគាំទ្រផ្នែកហិរញ្ញវត្ថុ និស្សិតជ័យលាភីនឹងទទួលបាននូវការអប់រំកម្រិតស្តង់ដារពិភពលោកពីស្ថាប័នអប់រំឈានមុខគេ, ការបង្កើតទំនាក់ទំនង, ការចូលទៅកាន់បណ្តាញសកលនៃអ្នកដឹកនាំដែលមានឥទ្ធិពលមកពីជុំវិញពិភពលោក ព្រមទាំងឱកាសក្នុងការយកបទពិសោធន៍ និងផ្លាស់ប្តូរវប្បធម៌យ៉ាងសម្បូរបែប។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍ Chevening ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៣។ គិតមកទល់បច្ចុប្បន្ន កម្មវិធីនេះបានផ្តល់ឱកាសដល់អតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈខ្ពស់ជាង ៥,៧០០ នាក់នៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញរបស់ពួកគេ។អាហារូបករណ៍នេះនឹង បិទទទួលពាក្យនៅថ្ងៃអង្គារ ទី៦ ខែតុលា វេលាម៉ោង ៦:០០ ល្ងាច ។ បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំ អាចធ្វើការដាក់ពាក្យផ្ទាល់តាមរយៈគេហទំព័រផ្លូវការ៖ https://www.chevening.org/scholarship/cambodia/

Khcct banner

អត្ថបទទាក់ទង