ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចេញដីកាសម្រេចបញ្ចប់ភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ មកនៅជាមន្ត្រី។ ការសម្រេចដូចនេះ ធ្វើឡើងបន្ទាប់ពីរងការរិះគន់លើបណ្ដាញសង្គមថា ការជួយសង្គ្រោះបឋមដល់នារីអ្នកជំងឺម្នាក់ មិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ។
តាមដីកាសម្រេចរបស់រដ្ឋបាលខេត្ដកណ្ដាល បានបញ្ជាក់ថា «ត្រូវបានបញ្ចប់ភារកិច្ចលោក ឈុន ផល្លី អត្តលេខ ១៨៧០៨០០០០៩ ឋានន្តរសក្តិ មន្ត្រីសុខាភិបាល បឋម ថ្នាក់លេខ៤ (គ.៤) នៃរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្តាល ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី»។
ករណីខាងលើនេះ ត្រូវបានគេមើលឃើញកើតឡើង បន្ទាប់ពីមានការផ្សព្វផ្សាយឃ្លីបវីដេអូមួយ និងមានប្រតិកម្មរិះគន់ច្រើននៅលើបណ្តាញសង្គម ជុំវិញសកម្មភាពសង្គ្រោះបន្ទាន់របស់គ្រូពេទ្យ ឈុន ផល្លី លើនារីវ័យ ១៧ឆ្នាំម្នាក់ ដែលសកម្មភាពជួយសង្រ្គោះបន្ទាន់នោះមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាសាស្ត្រ៕