អាម៉េរិក៖ អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ាបានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានគេឃើញមានសកម្មភាពខុសប្រក្រតីនៅជិតទីលានវាយកូនហ្គោលដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតី ដូណាល់ត្រាំ នៅក្នុងតំបន់ Los Angeles មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីទៅកាន់កន្លែងនេះដើម្បីទទួលទានអាហារពេលល្ងាចរៃអង្គាសប្រាក់នៅថ្ងៃពុធនេះ។ ប៉ូលីសក្នុងតំបន់អះអាងថាជនសង្ស័យដែលគេស្គាល់ឈ្មោះថា Jeanine John Taele វ័យ ៣៨ ឆ្នាំ ត្រូវបានគេរកឃើញជាមួយនឹងកាំភ្លើងខ្លីមួយដើម និងគ្រាប់រំសេវខុសច្បាប់នៅទីលានវាយកូនហ្គោល Trump National ក្នុង Rancho Palos Verdes រូបគេត្រូវបានឃាត់ខ្លួន និងសួរនាំបន្ថែម។
យោងតាមនាយកដ្ឋាននគរបាល Los Angeles ជនសង្ស័យត្រូវបានគេសង្កេតឃើញដើរពាសពេញទីលានវាយកូនហ្គោលថតរូប និងវីដេអូ ហើយហាក់ដូចជាតាមដានសកម្មភាពផែនការសន្តិសុខនៅក្នុងតំបន់ លោក Taele កំពុងត្រូវបានឃុំខ្លួនពីបទកាន់កាប់អាវុធលាក់ទុកខុសច្បាប់។ នាយកដ្ឋាននគរបាលបញ្ជាក់ទៀតថាលោក Taele ត្រូវបានចាប់ខ្លួនបន្ទាប់ពីភ្នាក់ងារសហព័ន្ធស្លៀកពាក់ស៊ីវិលបានរាយការណ៍ពីមនុស្សគួរឱ្យសង្ស័យម្នាក់ទៅកាន់អាជ្ញាធរមូលដ្ឋានក្នុងអំឡុងពេលពាក់កណ្តាលថ្ងៃ ត្រង់មុនដំណើរទស្សនកិច្ចលោកប្រធានាធិបតីមួយថ្ងៃ។
ប៉ូលីសបន្ថែមទៀតថាផ្ទះរបស់ជនសង្ស័យនៅ Downey ដែលជាទីក្រុងមួយដែលស្ថិតនៅក្នុងតំបន់ LA ត្រូវបានឆ្មក់ចូលកាលពីថ្ងៃចន្ទដោយភ្នាក់ងារមកពីក្រុមការងារភេរវកម្មរួមរបស់ FBI និងការិយាល័យឧក្រិដ្ឋកម្មធំៗនៃនាយកដ្ឋាននគរបាល LA។ នាយកដ្ឋាននគរបាលបាននិយាយថា ផ្ទះរបស់លោកត្រូវបានឆែកឆេរដោយសារតែផលប៉ះពាល់សន្តិសុខដែលអាចកើតមានជុំវិញហេតុការណ៍នេះ។ អាជ្ញាធរបន្ថែមថានៅក្នុងផ្ទះរបស់ជនសង្ស័យ ពួកគេបានរកឃើញ កាំភ្លើងវែង AR ដែលត្រូវបានកែប្រែដោយខុសច្បាប់កាំភ្លើងខ្លី បង់គ្រាប់កាំភ្លើងដែលមានសមត្ថភាពខ្ពស់ គ្រាប់កាំភ្លើងជាច្រើន និងសៀវភៅកត់ត្រាជាច្រើន។ ការស៊ើបអង្កេតកំពុងបន្ត ដោយមានជំនួយពីសេវាសម្ងាត់សហរដ្ឋអាម៉េរិកហើយការចោទប្រកាន់បន្ថែមទៀតអាចនឹងធ្វើឡើងនាពេលក្រោយ។
គួររម្លឹកថាលោក ត្រាំ គ្រោងនឹងថ្លែងសុន្ទរកថារិះគន់អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ដែលលោកកំពុងរៀបចំផែនការឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ ២០២៨ បន្ទាប់ពីអាណត្តិទីពីររបស់លោក ត្រាំបញ្ចប់។នៅថ្ងៃពុធនេះ លោក ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុង Las Vegas ដើម្បីថ្លែងសុន្ទរកថានៅកាស៊ីណូមួយ៕