Swift cc time

រដ្ឋ និងវិស័យឯកជន បន្តជួបគ្នារិះរកវិធានការគន្លឹះបន្ទាន់ ដើម្បីស្តារទំនុកចិត្ត និងជំរុញកំណើនទេសចរអន្តរជាតិ មកទស្សនាកម្ពុជាឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋ និងវិស័យឯកជន បានបន្តជួបពិភាក្សារិះរកនូវវិធានការចាំបាច់បន្ទាន់ និងវិធានការគន្លឹះជាក់លាក់ ដោយផ្តោតលើការស្តារកិត្តិនាម និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ, ពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ, ជំរុញការផ្សព្វផ្សាយទីផ្សារទេសចរណ៍ឱ្យកាន់តែសកម្ម ទាក់ទាញ និងនាំយកព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមករៀបចំនៅកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យកាន់តែផុលផុស។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់វិស័យឯកជន និងកំណត់វិធានការគន្លឹះសម្រាប់ស្តារ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

លោក ហួត ហាក់ បានលើកឡើងថា ក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលរងឥទ្ធិពលពីកត្តាប្រឈមជាច្រើន រួមមានព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ដូចជាភាពតានតឹង និងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យថ្លៃប្រេងឥន្ធនៈកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើរអន្តរជាតិ។

ជាមួយគ្នានេះ អង្គប្រជុំ ក៏បានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យឯកជន ដែលមានជាអាទិ៍៖ ការស្នើសុំលើកលែងទិដ្ឋាការសម្រាប់ទីផ្សារគោលដៅ, មូលនិធិអភិវឌ្ឍន៍ទេសចរណ៍ដើម្បីកសាងម៉ាកសញ្ញា និងជំរុញការផ្សព្វផ្សាយទេសចរណ៍ទៅក្រៅប្រទេស (Branding, marketing and promotion)ការតម្លើងកម្រិតព្រឹត្តិការណ៍ជាតិធំៗ ទៅកម្រិតអន្តរជាតិ និងការផ្សព្វផ្សាយឱ្យបានទូលទំលាយ, ការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុកឱ្យកាន់តែងាយស្រួលពីគោលដៅទេសចរណ៍១ ទៅ ១ ទៀត, ការបង្កបរិយាកាសអនុគ្រោះបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចក្នុងវិស័យទេសចរណ៍, ព្រមទាំងសំណូមពរផ្សេងៗទៀត។ ទន្ទឹមនេះ កិច្ចពិភាក្សាក៏បានផ្តោតលើសំណើក្នុងការជំរុញផ្លូវហោះហើរត្រង់ឱ្យបានច្រើនពីទីផ្សារគោលដៅសំខាន់ៗ ដែលទាមទារឱ្យមានការពិភាក្សាស៊ីជម្រៅរវាងទេសចរណ៍ អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ និង ផ្នែកឯកជន៕


Khcct banner

អត្ថបទទាក់ទង