
ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាននឹងកំពុងសិក្សាពីលទ្ធភាព ដើម្បីឈានទៅដល់ការរៀបចំការងារបច្ចេកទេស និង គោលនយោបាយនៃការកំណត់ពន្ធលើសេវាឌីជីថល(Digital Services Tax) ដែលមិនចុះបញ្ជីនៅកម្ពុជា។នេះបើតាមឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
ឯកឧត្តម មាស ប៉ូ បានគូសបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា កំពុងសិក្សាជាមួយភាគីពាក់ព័ន្ធលើកបញ្ហាផ្លូវច្បាប់ទាំងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីឈានទៅដល់ការប្រមូលពន្ធលើសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន ក៏ដូចជាបច្ចេកវិទ្យាបរទេស ដែលមិនចុះបញ្ជីនៅកម្ពុជា។
បើតាមឯកឧត្តម មាស ប៉ូ បច្ចុប្បន្ននេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានជួបជាមួយភាគីពាក់ពន្ធជាច្រើនហើយក្នុងនោះមានជាអាទិ៍៖ ក្រុមហ៊ុនFacebook, Google, Amazon, Visa, Oracle, Palo Alto Network NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជាបានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករដែលប្រមូលបានមានចំនួន២៨៨៩លានដុល្លារអាមេរិក ដោយកើនឡើងជាង៣.៧៣ភាគរយ បើធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារត្រៀមអនុវត្តយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យមួយចំនួនបន្ថែមទៀត ដើម្បីធានាបាននូវតម្លាភាព និងមានភាពប្រកួតប្រជែងសម្រាប់ថ្ងៃអនាគត៕