Swift cc time

បេក្ខជន«បាក់ឌុប» មានជីវភាពខ្វះខាតនៅខេត្តឧត្តរមានជ័យ ទទួលបានកន្លែងស្នាក់នៅ អាហារ និងការដឹកជញ្ជូន ឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ឧត្តរមានជ័យ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ កក្កដា បានប្រកាសពីការផ្តល់ជូនដោយឥតគិតថ្លៃ នូវទីកន្លែងស្នាក់នៅ និងអាហារសម្រាប់បេក្ខជនប្រឡង ដែលមានជីវភាពខ្វះខាត និងការដឹកជញ្ជូនទៅមកតាមបណ្តាក្រុង ស្រុក ព្រមទាំងការ ទទួលផ្ញើយានជំនិះដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តឧត្តរមានជ័យ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

ដើម្បីជួយសម្រួលដល់ការ លំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជនដែលមកពីតំបន់-ស្រុកឆ្ងាយៗ ហើយពុំមានលទ្ធភាព គ្រប់គ្រាន់ក្នុងការដោះស្រាយក្នុងការធ្វើដំណើរ ទីកន្លែងស្នាក់នៅ និងអាហារ គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ បានរៀបចំការងារមួយចំនួនផ្តល់ជូនដោយឥតគិតថ្លៃរួមមាន សម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាត៖ ផ្តល់ជូនទីកន្លែងស្នាក់នៅ (ទីស្នាក់ការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ) ផ្តល់ជូនអាហារចំនួន ៧ពេល ក្នុងកំឡុងពេលមកប្រឡង និងផ្តល់ជូនការដឹកជញ្ជូនទៅមកពីបណ្តាស្រុកទាំង៤មកទីរួមខេត្ត និងពីកន្លែងស្នាក់នៅទៅមណ្ឌលប្រឡង។

បន្ថែមពីនេះ សម្រាប់បេក្ខជនប្រឡងទូទៅ នឹងទទួលបានការផ្តល់ជូនមធ្យោបាយដឹកជញ្ជូនទៅមកពីបណ្តាស្រុកទាំង៤មកទីរួមខេត្ត និង ការផ្តល់ជូនទីកន្លែងសម្រាប់រក្សាទុកដាក់យាន្តជំនិះនៅតាមមណ្ឌលប្រឡងទាំង០៣។

ចំពោះកាលបរិច្ឆេទដឹកជញ្ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ទៅមកតាមបណ្តាក្រុង ស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ រួមមាន៖ ស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដោយទីតាំងចេញដំណើរនៅសាលាស្រុកនៃស្រុកនីមួយៗ និងទីកន្លែងមកដល់ និងវិលត្រឡប់ក្រុង ស្រុក នៅមុខវេទិកាអុំទូក។ ការដឹកជញ្ជូនទៅយកបេក្ខជន នឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ចាប់ផ្តើមពីម៉ោង៧:០០នាទីព្រឹកសម្រាប់ស្រុកចុងកាល់ ស្រុកបន្ទាយអំពិល និងចាប់ពីម៉ោង៧៖៣០នាទីព្រឹក សម្រាប់ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។ បេក្ខជនទាំង៤ស្រុក នឹងត្រឡប់មកស្រុកវិញនៅម៉ោង៦:០០ល្ងាច នៅថ្ងៃទី១១ ខែសីហា។

មាតាបិតា ឬអាណាព្យាបាល និងបេក្ខជនប្រឡង អាចធ្វើការទំនាក់ទំនងព័ត៌មានបន្ថែមជាមួយក្រុមការងារដូចខាងក្រោម៖ ១- លោកស្រី ជិននី មុនីរស្មី ទទួលបន្ទុកលើការងារស្នាក់នៅ និង អាហារ (០១២ ៦៧៦ ៣៦៤) ២- លោក មឿន ផេត ទទួលបន្ទុកលើការងារដឹកជញ្ជូន (០៩៧ ៧៨៣៣ ១២៣) ៣- លោក ម៉ូតសុខ មេសា ទទួលបន្ទុកលើការងារផ្ញើយាន្តជំនិះ (០១១ ៥០១ ១ ៩៩)៕

Khcct banner

អត្ថបទទាក់ទង