រូបភាព៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតបែលហ្សិកប្រចាំកម្ពុជា នាថ្ងៃទី៣ សីហា បានជួបពិភាក្សាពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាពិសេសលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងយន្តការមួយចំនួនដើម្បីទាក់ទាញការវិនិយោគ និងបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
នាថ្ងៃទី៣ សីហា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយលោក Michel Parys ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃបែលហ្សិកប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅរាជធានីបាងកក និងសហការី ពិភាក្សាការងារផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ព្រមទាំងការចូលរួមព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ដែលរៀបចំក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វនីលើកទី២០ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនឯកអគ្គរាជទូតពីចំនួនភ្ញៀវទេសចរបែលហ្សិកមកទស្សនាកម្ពុជា និងវិនិយោគិនបែលហ្សិកក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងចំនួនគួរឱ្យកត់សំគាល់ ដែលជាកត្តាជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា–បែលហ្សិក និងការជំរុញកិច្ចសហការរវាងធុរកិច្ចនៃប្រទេសទាំងពីរ (B2B) ដើម្បីទាក់ទាញការវិនិយោគ និងបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អរវាងកម្ពុជា និងបែលហ្សិកលើវិស័យជាច្រើនរួមទាំងការវិនិយោគរបស់ពលរដ្ឋបែលហ្សិក ព្រមទាំងវត្តមានប្រជាជនបែលហ្សិកនៅកម្ពុជា។ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកាខាងមុខ ឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលបែលហ្សិកជាមួយប្រតិភូសំខាន់ៗ នឹងចូលរួមក្នុងព្រឹត្តការណ៍អម គឺភូមិភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ខាងមុខនេះ ដែលក្រសួងទេសចរណ៍ទទួលបន្ទុករៀបចំ៕