ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានប្រកាសដាក់ឱ្យប្រើប្រាស់ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» ជាផ្លូវការនៅតាមមូលដ្ឋានសុខាភិបាលដៃគូសំខាន់ៗចំនួន ១៤ កន្លែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក ប.ស.ស. ឱ្យទទួលបានសេវាកម្មកាន់តែលឿនរហ័ស កាត់បន្ថយការកកស្ទះ ក៏ដូចជាពេលវេលារង់ចាំយូររបស់សមាជិក ប.ស.ស. ក្នុងការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ។
ការដាក់ឱ្យដំណើរការបច្ចេកវិទ្យាថ្មីនេះ ធ្វើឡើងក្នុងគោលបំណងធានាបាននូវភាពងាយស្រួល រហ័សទាន់ចិត្ត និងកាត់បន្ថយការកកស្ទះ ក៏ដូចជាពេលវេលារង់ចាំយូររបស់សមាជិក ប.ស.ស. ក្នុងការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ។ សម្រាប់មូលដ្ឋានសុខាភិបាលក្នុងរាជធានីភ្នំពេញដែលបានដំឡើងម៉ាស៊ីន AIM NSSF នេះ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យជាតិតេជោសន្តិភាព, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យព្រះកេតុមាលា, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម, វិទ្យាស្ថានជាតិសុខភាពសាធារណៈ, មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន។ បន្ថែមពីនេះ ម៉ាស៊ីនស្វ័យប្រវត្តិនេះក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមបណ្តាខេត្តផងដែរ ដោយចាប់ផ្តើមដំបូងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ការបោះជំហានឈាននេះ នឹងជួយឱ្យសមាជិក ប.ស.ស. ទទួលបានបទពិសោធន៍សេវាសុខាភិបាលកាន់តែទំនើប ងាយស្រួល និងរហ័សជាងមុន។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សមាជិក ប.ស.ស. អាចទាក់ទងមកកាន់លេខទូរស័ព្ទឥតគិតថ្លៃ ១២៨៦ ឬតាមដានព័ត៌មានថ្មីៗតាមរយៈទំព័រប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផ្លូវការរបស់ ប.ស.ស. (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)៕