Swift cc time

អ្នកនាំពាក្យច្រានចោលការចោទប្រកាន់«រដ្ឋមន្ត្រីក្រសួងយុត្តិធម៌»ដោយគ្មានមូលដ្ឋាន និងមានចរិតនយោបាយពីក្រុមបក្សប្រឆាំងមួយចំនួន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បានប្រកាសច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតនយោបាយពីសំណាក់ក្រុមសកម្មជនបក្សប្រឆាំងមួយចំនួន ដែលថា «រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តែបើរឿងរកយុត្តិធម៌ឱ្យជនរងគ្រោះវិញ មិនដែលបានយុត្តិធម៌សូម្បីម្នាក់»។

អ្នកនាំពាក្យរូបនេះថា ការចោទប្រកាន់បែបនេះ គឺជាការញុះញង់ដល់កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ដែលបាន និងកំពុងបំពេញការងារយ៉ាងសកម្មដើម្បីការពារសិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះ ពិសេសដាក់ចេញនូវយុទ្ធនាការចំនួន ២ គឺ ទី១-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ក្នុងន័យនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងពីរ បានជំរុញការដោះស្រាយការកកស្ទះសំណុំរឿង និងភាពមិនប្រក្រតីនិងតាមតុលាការ និងដើម្បីបង្កើនល្បឿន និងភាពត្រឹមត្រូវនៃការកាត់ក្តី ប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋ។

អ្នកនាំពាក្យបានឲ្យថា បើមើលលើច្បាប់ស្តីពីការរៀបចំតុលាការ និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មិនមានចែងអំពីតួនាទីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាអ្នកកាត់ក្តីឡើយ ហើយរដ្ឋមន្ត្រីយុត្តិធម៌មិនមានសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកចូលក្នុងសំណុំរឿងក្តីណាមួយរបស់តុលាការឡើយ លើកលែងតែការធ្វើបណ្តឹងបរិហារទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ ឬព្រះរាជអាជ្ញាអមសាលាដំបូង អំពីបទល្មើសដែលខ្លួនបានដឹង អាចធ្វើអធិបញ្ជតាមការណែនាំជាលាយលក្ខណ៍អក្សរដែលត្រូវដាក់បញ្ចូលទៅក្នុងសំណុំរឿង ឲ្យអគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ ឬធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាតាមការដែលរដ្ឋមន្ត្រីយល់ឃើញថាជាការគួរ ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនអាចធ្វើអធិបញ្ជាដល់អគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញា ឲ្យធ្វើការតម្កល់ទុកឥតចាត់ការនូវរឿងក្ដីព្រហ្មទណ្ឌណាមួយបានឡើយ ។ តួនាទីរបស់រដ្ឋមន្ត្រី គឺការដឹកនាំ និងគ្រប់គ្រងលើក្រសួងយុត្តិធម៌ ដើម្បីធានាថាប្រព័ន្ធយុត្តិធម៌ ដំណើរការដោយរលូន យុត្តិធម៌ និងមានតម្លាភាព។ ដូច្នេះ ការទម្លាក់កំហុសមកលើឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជុំវិញបញ្ហានៃការសម្រេចសេចក្តីជំនួសតុលាការ ឬថារកយុត្តិធម៌ឱ្យជនរងគ្រោះមិនដែលបានសូម្បីម្នាក់ គឺជាការបង្ហាញនូវទស្សនៈអគតិ ល្ងង់ខ្លៅ និងមានចេតនាទុច្ចរិតក្នុងការបំភ័ន្តសាធារណមតិប៉ុណ្ណោះ»

ជាក់ស្តែង ក្នុងស្មារតីនៃការអនុវត្តកំណែទម្រង់ស៊ីជម្រៅលើវិស័យយុត្តិធម៌ ក្រសួង និងស្ថាប័នតុលាការបានដោះស្រាយសំណុំរឿងជាច្រើនរាប់មិនអស់ និងបានផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះរាប់ម៉ឺននាក់ តាមរយៈការរៀបចំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការរាជធានី-ខេត្ត ដែលបានជួយឲ្យប្រជាពលរដ្ឋរងគ្រោះទទួលបានសំណង និងយុត្តិធម៌លឿនជាងមុន។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការជួយសម្របសម្រួលផ្តល់ភាពងាយស្រួល និងយុត្តិធម៌ជូនគូភាគីដោយសន្តិវិធី។ ការយកចិត្តទុកដាក់ខ្ពស់លើបណ្តឹងរបស់ប្រជាពលរដ្ឋត្រូវបានដាក់ទៅគណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងពីរ ដើម្បីបញ្ជូនបន្តទៅកាន់ស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងចាត់ការតាមផ្លូវច្បាប់។»

អភិក្រម “ ម៉ឹងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង “ស្អាតស្អំ” ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់លើមន្ត្រីអនុវត្តច្បាប់ ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវពីសំណាក់ស្ថាប័នអនុវត្តច្បាប់ទៅកាន់សាធារណជន និងដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា អំពាវនាវដល់សាធារណជន កុំឱ្យជឿជាក់លើការញុះញង់ ឬការយកបញ្ហាប្រព័ន្ធយុត្តិធម៌មកធ្វើជាអាជីវកម្មនយោបាយ ហើយត្រូវចេះរកព័ត៌មានដែលនាំការពិតទៅសង្គម។ ប្រសិនបើក្រុមអ្នកចោទប្រកាន់ទាំងនោះ មានភស្តុតាងច្បាស់លាស់ថា មានអំពើអយុត្តិធម៌ ឬការរំលោភបំពានច្បាប់ណាមួយ សូមយកភស្តុតាងនោះមកដាក់ជូន គណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងពីរ របស់ក្រសួងយុត្តិធម៌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ មិនមែនគ្រាន់តែនិយាយដោយល្ងិតល្ងង់ ចោទប្រកាន់តាមខ្យល់ តាមបណ្តាញសង្គមក្នុងគោលបំណងទុច្ចរិតនោះឡើយ ៕


Khcct banner

អត្ថបទទាក់ទង