ភ្នំពេញ៖ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣សីហានេះ បានផ្ញើសាររំលែកជូនលោក ហឺ វៃ (He Wei) ប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់ បង្កដោយបាតុភូតព្យុះ ឈ្មោះ ណូល (Noul) ដែលបានវាយប្រហារខេត្តជាច្រើន បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ និងប្រជាជនជិត ៩០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ព្រមទាំងមានបាត់បង់អាយុជីវិត និងរបួសមួយចំនួន។
ស្ថិតក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា សម្តេច ប៊ុន រ៉ានី បានបរិច្ចាគថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគម កាកបាទក្រហមចិន ឆ្លើយតបគ្រោះមហន្តរាយខាងលើនេះ។ ជាមួយគ្នានេះដែរ សម្តេចចូលរួមរំលែកទុក្ខដ៏ លំបាកនេះជាមួយក្រុមគ្រួសារជនរងគ្រោះ ជាពិសេសអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់។ សម្តេចក៏បានជូនពរឱ្យការស្ដារឡើងវិញបានឆាប់រហ័ស នៅតំបន់ដែលរងការបំផ្លិចបំផ្លាញ និងសូមជូនពរ ឱ្យប្រជាជនចិនទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ៕