ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារ ជូនពរជូនពរសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ។ក្នុងសារនោះ ព្រះមហាក្សត្រ បានសរសើរ សម្តេច ហ៊ុន សែន ដែលបានលះបង់គ្រប់យ៉ាង ដើម្បីនាំមាតុភូមិកម្ពុជារីកចម្រើនដល់សព្វថ្ងៃ។
ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ បានកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ថ្លៃថ្លា របស់ សម្តេច ហ៊ុន សែន ដែលមានឆន្ទៈមោះមុតស្នេហាជាតិដ៏ឆ្នើមជាទីបំផុត បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ក្នុងការ លើកស្ទួយកិត្យានុភាពជាតិ តាមរយៈការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំកសាង និង ការពារជាតិ ការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ឯកភាពជាតិពេញលេញ។សម្រាប់ព្រះមហាក្សត្រ ការលះបង់នេះ បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
បើតាមព្រះមហាក្សត្រ សម្តេច ហ៊ុន សែន បានទទួលជួយកិច្ចការដ៏ឧត្តុង្គឧត្តម ជាច្រើន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលអវត្តមានព្រះអង្គទៅពិនិត្យព្រះរាជ សុខភាពនៅចិននិង លើសពីនេះទៅទៀត សម្តេច បាននិងកំពុងដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្រេច បាននូវស្នាដៃ និងសមិទ្ធផលធំៗជាបន្តបន្ទាប់ជូនជាតិ ព្រមទាំងទទួលបាននូវកិត្តិនាមល្បីរន្ទឺទាំងនៅលើ ឆាកជាតិ និងអន្តរជាតិ។