Swift cc time

ក្រសួងបរិស្ថាន ហាមការនាំចូល«សំណល់អេឡិចត្រូនិក និងសំណល់អាគុយ» ព្រោះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន ហាមការនាំចូល«សំណល់អេឡិចត្រូនិក អាគុយ និងសំណល់បរិក្ខារអគ្គិសនី » ពីក្រៅប្រទេសចូលមកម្ពុជា ដោយសំណល់ទាំងនេះ ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ព្រោះមានផ្ទុកសារធាតុគ្រោះថ្នាក់ ដូចជាបារត កាត់ម៉ុម នីកែល ក្រូម អាសេនិក សំណ ដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅពេលសារធាតុទាំងនេះ សាយភាយចូលក្នុងបរិស្ថាន តាមរយៈការទុកដាក់ ការដោះបំបែក និងកែច្នៃមិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន ការដាក់សំណើអនុវត្តវិធានការច្បាប់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។

ការដាក់សំណើរនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលបរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួច ដោយមាន លាយឡំជាមួយសំណល់ មានជាអាទិ៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរបង្កក ម៉ាស៊ីនបោកគក់ខោអាវ ម៉ាស៊ីន សម្ងួតខោអាវ ទូរទស្សន៍ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទ ថេបប្លែត ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ជាមួយគ្នានេះ សំណើគម្រោងវិនិយោគលើការកែច្នៃអាគុយ បរិក្ខារអគ្គិសនីនិងអេឡិច ត្រូនិកមួយចំនួន ក៏មានបំណងនាំចូលវត្ថុធាតុដើមដែលជាសំណល់គ្រោះថ្នាក់ ពីក្រៅប្រទេសដើម្បីមក កែច្នៃនៅក្នុងស្រុក។ គម្រោងប្រភេទនេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបរិស្ថាន ដោយពុំគួរទទួលបានការគាំទ្រឡើយ។

ក្នុងន័យនេះ ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថាន ពីសារធាតុគ្រោះថ្នាក់ដែល មានផ្ទុកនៅក្នុងសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ក្រសួងបរិស្ថានធ្វើការស្នើដល់អាជ្ញាធររាជធានីខេត្ត អនុវត្តវិធានការច្បាប់លើការនាំចូលសំណល់ខាងលើ ពីក្រៅប្រទេសចូលមកកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង