ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ចេញនូវ «តំណភ្ជាប់ ឬ Link»មួយចំនួន ដោយហាមសាធារណជន កុំចុច ព្រោះវាមានហានិភ័យខ្ពស់ អាចឱ្យក្រុមអ្នកឆបោក លួច ឬHack លួចគណនីរបស់យើយកទៅប្រើប្រាស់ ដើម្បីបោកប្រាស់អ្នកដទៃ។
Link មានហានិភ័យខ្ពស់ គឺមានផ្នែកខាងចុង (Extension)ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ដោយ ក្រុមឆបោករៀបចំផែនការបន្លំទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុក្នុងទម្រង់ដូចជា៖ Business Plan.exe, Important documents, view privately.exe, តារាងប្រាក់ខែខែ.exe, ឯកសារ`6.zip ឬ Latest national news.exe ជាដើម។
បើតាមក្រសួងប្រៃសណីយ៍ បើសាធារណជនចុចបើក Link អាចបណ្ដាលឱ្យដំឡើងមេរោគ (Malware) លើទូរស័ព្ទ ឬកុំព្យូទ័រ, លួចគណនីធនាគារ Facebook, Telegram, និង បណ្តាញសង្គមផ្សេងៗ, លួចព័ត៌មានផ្ទាល់ខ្លួន ហិរញ្ញវត្ថុ និង ទិន្នន័យសំខាន់ៗ ឬប្រើប្រាស់គណនីរបស់អ្នកទៅបោកប្រាស់អ្នកដទៃជាបន្តបន្ទាប់។
ដើម្បីការពារខ្លួនពីហានិភ័យ ក្រសួង ប្រាប់ឱ្យសាធារណជនត្រូវ បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram និង ពិនិត្យមើល Active Session ជាប្រចាំ ពិនិត្យឈ្មោះឯកសារ និង ផ្នែកខាងចុង (Extension) ឱ្យបានច្បាស់ មុនពេលចុច។ត្រូវផ្ទៀងផ្ទាត់ថា សារពិតជាត្រូវបានផ្ញើដោយអ្នកផ្ញើ ។បើមានការសង្ស័យ សូមលុបសារ និង ឯកសារភ្ជាប់នោះ ហើយទាក់ទងទៅម្ចាស់គណនីតាមទូរសព្ទ។ ប្រើកម្មវិធីការពារមេរោគ និង ធ្វើបច្ចុប្បន្នភាពជាប្រចាំ។
បើបានចុច សាធារណជនត្រូវអនុវត្តវិធានទី១ កុំបញ្ចូលព័ត៌មានសម្ងាត់ណាមួយ ហើយធ្វើការផ្ដាច់ឧបករណ៍របស់យើងចេញពីអ៊ីនធឺណិតភ្លាម។ ពិនិត្យមើល Active Session និង លុបចោល (Terminate) Session ដែលមិនស្គាល់។បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram និង លុប Link ឬឯកសារចេញពីទូរស័ព្ទ ឬកុំព្យូទ័រ៕