Swift cc time

បងប្រុសយុវតីសិង្ហបុរី ចេញមុខសុំទោស ចំពោះរឿងរ៉ាវដែលកើតឡើងលើបណ្តាញសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Syafiq Siregar ត្រូវជាបងប្រុសរបស់យុវតី SITI AISHAH SIREGAR BINTE SAHAT SIREGAR (ហៅ EVE)

សិង្ហបុរី៖ បងប្រុសរបស់ស្ត្រីជនជាតិសិង្ហបុរីអាយុ ២០ ឆ្នាំ ដែលផ្អើលថា បាត់ខ្លួននៅប្រទេសកម្ពុជានាពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍ សុំទោសជាសាធារណៈ ចំពោះរឿងរ៉ាវដែលបានកើតឡើង។ការសុំទោសនេះ ធ្វើឡើងក្រោយពីប្អូនស្រីរបស់ខ្លួនបានត្រឡប់ទៅដល់ប្រទេសសិង្ហបុរីវិញដោយសុវត្ថិភាព ដោយមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនៅកម្ពុជាដូចការព្រួយបារម្ភរបស់បណ្តាញសង្គម។

លោក Syafiq Siregar ត្រូវជាបងប្រុសរបស់យុវតី  SITI AISHAH SIREGAR BINTE SAHAT SIREGAR (ហៅ EVE) បានប្រើប្រាស់បណ្តាញសង្គមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយស្វែងរក និងសម្រួលឱ្យប្អូនស្រីរបស់លោកបានត្រឡប់មកជួបជុំគ្រួសារវិញ។

ក្នុងសេចក្តីថ្លែងការណ៍នោះ លោកបានសុំទោសចំពោះ "អ្វីៗគ្រប់យ៉ាងដែលបានកើតឡើង" ហើយបានបញ្ជាក់ថា៖ «បំណងរបស់យើងខ្ញុំ មិនដែលចង់ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនកម្ពុជានោះទេ ប៉ុន្តែគឺគ្រាន់តែចង់ស្វែងរកប្អូនស្រី និងនាំនាងត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពប៉ុណ្ណោះ»។

គួរបញ្ជាក់ថា បន្ទាប់ពីមានការចែករំលែកព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី និង លើបណ្តាញសង្គម អំពីការចាកចេញរបស់ស្ត្រីជនជាតិសិង្ហបុរីម្នាក់​មកកម្ពុជាដោយគ្មាន​មូលហេតុ អាជ្ញាធរកម្ពុជា បានប្រកាសជាសាធារណៈនៅថ្ងៃទី១សីហានេះថា ការមកដល់របស់ស្ត្រីសិង្ហបុរីរូបនោះ គឺជាការសម្រេចចិត្តរបស់នាងផ្ទាល់ក្រោមហេតុផលគ្រួសារ។

បើតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)​ ស្ត្រីសិង្ហបុរី មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃទី២៨កក្កដា ស្ត្រីរូបនោះ ត្រូវបានទទួលដោយមិត្តភក្តិប្រុសម្នាក់ជាជនជាតិខ្មែរឈ្មោះ ដួង សទ្ធា។

ការសម្រេចចិត្តរបស់នាងមកកម្ពុជា គឺនាងជាអ្នកស្ម័គ្រចិត្តមកដោយខ្លួនឯង ដោយសារមិនអាចទ្រាំទ្រនឹងភាពហួងហែងរបស់ឪពុកម្តាយ ​ដែលនាងដឹងជាមុនថានឹងជំទាស់ចំពោះការធ្វើដំណើររបស់នាងមកកម្ពុជា។ បន្ថែមពីនេះ និង បើតាមគ.ប.ឆ.ប.នាង Aishah មកកម្ពុជា ដើម្បីស្វែងរកការងារធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស។ ពោលគ្មានការបង្ខិតបង្ខំពីភាគីទីបីឡើយ៕

Khcct banner

អត្ថបទទាក់ទង