Swift cc time

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាឱ្យចាត់វិធានការលើ«ក្រុមគ្រូតឿ» និង អ្នកលក់អនឡាញសិចស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់ ក្នុងការស្វែងរក និង ហៅក្រុមផលិតមាតិកាវីដេអូ ដែលគេស្គាល់ថាជា «ក្រុមគ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ និងអប់រំ បន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «រុញគ្រែពេទ្យ» ដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។

បញ្ជារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»  នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។បើតាមលោក នេត្រ ភក្ត្រាការសម្តែងគឺចង់បានអ្នកមើលច្រើន ក៏ប៉ុន្តែសីលធម៌នៃការសម្តែងបានបង្កការប៉ះពាល់ និងរើសអើងអ្នកផ្ទុកជំងឺអេដស៍ និងអ្នកជំងឺអេដស៍ ដូច្នេះត្រូវតែហៅមកអប់រំ​ ណែនាំឱ្យគោរពនូវក្រមសីលធម៌ជាចាំបាច់។

ជាមួយគ្នានោះ លោក នេត្រ ភក្ត្រា បានណែនាំឱ្យចាត់វិធានការដូចគ្នា ទៅលើក្រុមអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដែលចូលចិត្តស្លៀកពាក់លេចលើខ្វះក្រោម បញ្ចេញសាច់ដើមទ្រូងធំៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ដោយត្រូវហៅបុគ្គលទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សីលធម៌សង្គម។

បទបញ្ជានេះ លោកពន្យល់ថា ដើម្បីពង្រឹងតម្លៃសីលធម៌សង្គម វប្បធម៌ និងការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ក៏ដូចជាទប់ស្កាត់ការផ្សព្វផ្សាយមាតិកាអនឡាញទាំងឡាយណាដែលខ្វះការទទួលខុសត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕

Khcct banner

អត្ថបទទាក់ទង