Swift cc time

ក្រសួងមហាផ្ទៃ ស្នើសុំឱ្យរឹតបន្ដឹង«ច្បាប់ចរាចរណ៍»ផ្លូវគោកឡើងវិញ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើនឡើង២០%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់លិខិតស្នើទៅ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ការស្នើសុំនេះ ដោយក្រសួងពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ បានកើនឡើង២០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។

យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥ គ្រោះថ្នាក់ចរាចរណ៍មានកំណើន ២១៣លើក ស្មើ២០% (១ ២៧៩លើក លើ ១០៦៦លើក) ចំនួនអ្នកស្លាប់មានកំណើន ៧៩នាក់ ស្មើ១១% (៧៧៣នាក់ លើ ៦៩៤នាក់) និងចំនួនអ្នក របួសមានកំណើន ៤៦៨ នាក់ ស្មើ៣២% (១ ៩៤៤នាក់ លើ ១ ៤៧៦នាក់)។គ្រោះថ្នាក់នេះ កើតឡើងដោយមូលហេតុ ការបើកបរក្នុងល្បឿនលឿន ៤៦% ការមិនគោរពសិទ្ធិអាទិភាព ២២% ការមិនប្រកាន់ស្តាំ១២% ការវ៉ាជែង៧% ការបត់មិនប្រយ័ត្នចំនួន៦% ការបើកបរក្នុងស្ថានភាពស្រវឹង៤% ការមិនគោរពសញ្ញាចរាចរណ៍ ២% និងកត្តាយាន១%។

រាជធានីភ្នំពេញ កើតច្រើនជាងគេ ៤៦១លើក ខេត្តព្រះសីហនុចំនួន ៩២លើក ខេត្តកណ្តាលចំនួន ៧៥លើក ខេត្តកំពង់ស្ពឺចំនួន ៥៧លើក និងខេត្តស្វាយរៀងចំនួន ៥៥លើក។

តែយ៉ាងណា រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនឹងអនុវត្តតែនៅភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តស្វាយរៀង៕

Khcct banner

អត្ថបទទាក់ទង