Swift cc time

អាជ្ញាធរកម្ពុជាចុះឆែកឆេរជិត៣ម៉ឺនទីតាំង និងឃាត់ខ្លួនជនបរទេសជាង២ពាន់នាក់ពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសរុប ២៨.៥១២ទីតាំង លើមនុស្សសរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត និង បានឃាត់ខ្លួនជនបរទេសជាង ២ពាន់នាក់ ពាក់ព័ន្ធOnline Scams ជាមួយពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល។

យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចកម្ពុជាបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើ Online Scams ដែលគ្មានឯកសារ ឬលិខិតស្នាមផ្សេងៗតាមខ្លួនសរុប ២.៣៤០នាក់ មាន ២០ សញ្ជាតិ។ជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញនីតិវិធីបណ្តេញចេញពីកម្ពុជា ត្រឡប់ទៅប្រទេសកំណើតវិញ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងបន្ថែមថា ក្នុងអំឡុងពេលចុះប្រតិបត្តិការ អាជ្ញាធរមានសមត្ថកិច្ចក៏បានរកឃើញ និងសម្រេចផាកពិន័យលើម្ចាស់ និងអ្នកគ្រប់គ្រងទីតាំង ជាទឹកប្រាក់សរុប៧ប៊ីលាន ៧៦៣.២០០.០០០រៀល។ ក្នុងនោះរួមមាន ផាកពិន័យជាទឹកប្រាក់ចំនួន ២៦.៤០០.០០០រៀល និង ផាកពិន័យតាមមាត្រា២០ ជាទឹកប្រាក់សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល។

បើតាមលោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ បច្ចុប្បន្នសមត្ថកិច្ចចម្រុះក៏បានដាក់ពង្រាយកម្លាំងត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោតលើរាល់យានយន្តទាំងឡាយណាសង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលអាចមានការពាក់ព័ន្ធ Online Scams បានចំនួន ២១.២២៥លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់៕

Khcct banner

អត្ថបទទាក់ទង