កោះកុង៖ «ព្យុះភ្លៀង»ប៉ុន្មានថ្ងៃបណ្តាលឲ្យរលំផ្ទះពលរដ្ឋ និងបាក់បង្គោលភ្លើង នៅកោះរ៉ុង ជាច្រើនកន្លែង ខណៈអភិបាលក្រុងកោះរ៉ុង លោក រាជ សុវណ្ណ នៅថ្ងៃទី៣០កក្កដា បានដឹកនាំក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង ចុះត្រួតពិនិត្យស្ថានភាពផ្លូវ និងលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។
ការចុះពិនិត្យនេះ មានគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង ដើម្បីកំណត់វិធានការឆ្លើយតប និងផ្តល់ការអន្តរាគមន៍បានទាន់ពេលវេលា សំដៅធានាសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ការខូចខាតបាក់រលំបង្គោលអគ្គិសនី និងជំរុញការជួសជុល ធានាការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
គួរឲ្យដឹងថា ការចុះពិនិត្យ ភូមិសុខសាន្ត មានបង្គោលអគ្គិសនីរលំចំនួន ១បង្គោល និងបង្គោលទ្រេតចំនួន ៥បង្គោល។ បច្ចុប្បន្ន ការជួសជុល និងដំឡើងឡើងវិញបានបញ្ចប់រួចរាល់។ ភូមិព្រែកស្វាយ មានបង្គោលអគ្គិសនីរលំបាក់ចំនួន ១បង្គោល (នៅដើមទី) បង្គោលទ្រេតចំនួន ៦បង្គោល និងបង្គោលអគ្គិសនីរលំបាក់ចំនួន ១បង្គោល នៅតាមផ្លូវទៅម៉ាហ្វីយ៉ា រីសត។ បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងបន្តការជួសជុល ។
រដ្ឋបាលក្រុងកោះរ៉ុង បន្តសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត និងស្តារការផ្គត់ផ្គង់អគ្គិសនីឱ្យវិលមករកសភាពប្រក្រតីវិញ ស្របពេលជំរុញការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕