Swift cc time

ក្រសួងអប់រំ ហាមឃាត់ការ«ថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ»មុនការប្រកាសលទ្ធផលបាក់ឌុប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ កក្កដា បានប្រកាសពីការហាមឃាត់ការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) មុនការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដើម្បីជៀសវាងការបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជន ចំពោះដំណើរការប្រឡង។ អ្នកដែលនៅតែប្រព្រឹត្ត នឹងប្រឈមផ្លូវច្បាប់។

ក្រសួងអប់រំ ហាមឃាត់ជាដាច់ខាត នូវការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយតាម គ្រប់រូបភាព និងគ្រប់មធ្យោបាយ នូវប្រធានវិញ្ញាសាប្រឡង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និង សន្លឹកស្រង់ពិន្ទុ (MCS) ក្នុងអំឡុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការប្រកាសលទ្ធផលប្រឡង។

បើតាមក្រសួងអប់រំ ការបង្ហោះ ឬផ្សព្វផ្សាយឯកសារដូចមានចែងខាងលើ ទោះជាធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកថាជាអំពើហាមឃាត់។ បុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និង បទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនីមួយៗ៕

Khcct banner

អត្ថបទទាក់ទង