ព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ជំរិតនៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាជនជាតិចិន ក្រោយបានចាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់។ សមត្ថកិច្ច បានឃាត់ខ្លួន និងធ្វើការជួយសង្គ្រោះជនរងគ្រោះ ត្រង់ចំណុច ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៥៨នាទីរំលងអធ្រាត្រ ត្រង់ចំណុចក្បែរផ្សារទំនើប វ័នតា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ធ្វើការចាប់ជនរងគ្រោះឈ្មោះ LI BINGHUI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ឡើងរថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ រួចធ្វើការជំរិតទារប្រាក់ក្នុងរថយន្តតែម្ដង។
នៅថ្ងៃដដែល វេលាម៉ោង១៥:៣៥នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ ត្រង់ចំណុច ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ LIU HAILONG ភេទប្រុស ជនជាតិចិន។
បន្ទាប់មកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់បន្ថែមរួមមាន៖ ឈ្មោះ PANG WEIGANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន, ឈ្មោះ HU HAIPENG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន និង LIU HAIDONG ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន។
ក្រោយពីបានធ្វើការសួរនាំ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធី៕