ប៉េកាំង៖ អ្នកជំងឺកម្ពុជាជាបុរសអាយុ ៤៤ឆ្នាំម្នាក់ ដែលត្រូវបានរកឃើញថាមានដុំមហារីកថ្លើមទំហំប្រមាណ ១៥សង់ទីម៉ែត្រ បានទទួលការវះកាត់ដោយជោគជ័យ នៅមន្ទីរពេទ្យ Beijing Tsinghua Changgung ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
យោងតាមព័ត៌មានពីមន្ទីរពេទ្យ Beijing Tsinghua Changgung អ្នកជំងឺជាបុរសកម្ពុជាម្នាក់បានទៅពិនិត្យសុខភាពនៅកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានអាការៈឈឺពោះជាប់ៗគ្នា។ លទ្ធផលពិនិត្យបានរកឃើញដុំសាច់ក្នុងថ្លើមទំហំប្រមាណ ១៥សង់ទីម៉ែត្រ ដែលកាន់កាប់ផ្នែកធំនៃថ្លើមខាងស្តាំ។ គ្រូពេទ្យក៏បានរកឃើញថា អ្នកជំងឺមានការឆ្លងមេរោគរលាកថ្លើមប្រភេទ B ប៉ុន្តែគាត់មិនបានដឹងពីស្ថានភាពនេះពីមុនមកទេ។
បន្ទាប់ពីទទួលការព្យាបាលនៅកម្ពុជា ដុំសាច់បានរួមតូច និងសូចនាករពាក់ព័ន្ធនឹងដុំសាច់បានថយចុះ។ ក្រោយស្វែងយល់អំពីការព្យាបាលជំងឺថ្លើមនៅប្រទេសចិន អ្នកជំងឺ និងក្រុមគ្រួសារបានសម្រេចចិត្តទៅទីក្រុងប៉េកាំង ដើម្បីស្វែងរកការព្យាបាលបន្ថែម។
ដោយសារដុំសាច់មានទំហំធំ និងស្ថិតនៅផ្នែកខាងស្តាំភាគច្រើននៃថ្លើម ក្រុមគ្រូពេទ្យបានធ្វើការវាយតម្លៃយ៉ាងលម្អិត និងរៀបចំផែនការវះកាត់ ដើម្បីយកដុំសាច់ចេញ ខណៈរក្សាជាលិកាថ្លើមដែលមានសុខភាពល្អឱ្យបានច្រើនបំផុត។
នៅថ្ងៃទី៣ ខែកក្កដា ការវះកាត់ត្រូវបានបញ្ចប់ដោយជោគជ័យ ហើយអ្នកជំងឺបាត់បង់ឈាមតិចជាង ១០០មីលីលីត្រក្នុងអំឡុងពេលវះកាត់។ មន្ទីរពេទ្យទីក្រុងប៉េកាំងបញ្ជាក់ថា ផែនការព្យាបាលបន្តនឹងត្រូវកំណត់ដោយផ្អែកលើលទ្ធផលពិនិត្យក្រោយការវះកាត់ និងស្ថានភាពរបស់អ្នកជំងឺ។
គ្រូពេទ្យបានរម្លឹកថា ជំងឺថ្លើមជាច្រើនអាចមិនបង្ហាញរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូង។ អ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទ B និងអ្នកមានជំងឺថ្លើមរ៉ាំរ៉ៃ គួរតែពិនិត្យសុខភាព និងតាមដានស្ថានភាពថ្លើមជាប្រចាំ ដើម្បីរកឃើញបញ្ហាឱ្យបានឆាប់ និងទទួលការព្យាបាលសមស្រប៕