Swift cc time

លោក ជួន ណារិន្ទ ឱ្យនារីបើករថយន្តបង្កគ្រោះថ្នាក់«ស្លាប់មន្ដ្រីម្នាក់»នៅខណ្ឌសែនសុខ ឆាប់ចូលខ្លួនទទួលកំហុស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឱ្យនារីដែលបើកបររថយន្តបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិតបុរសជាបុគ្គលិក នៃក្រសួងសាធារណៈការម្នាក់ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឆាប់ចូលខ្លួនមកទទួលកំហុស។

តាមការបង្ហោះលើគេហទំព័រហ្វេសបុកផ្លូវការរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា បានលើកឡើងថា លោកសូមជម្រាបជូន ក្មួយស្រីឈប់ព្យាយាមរត់គេចខ្លួនទៅ(ចូលសារភាពនៅអង្គភាពណាក៏បាន)ធ្វើដូចកូនខ្លាអ៊ីចឹង។ សមត្ថកិច្ចបានបិទច្រកអស់ហើយ(ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកគប់គិតជួយលាក់បំពួន)។

ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបុគ្គលិកផ្នែកភូគព្ភសាស្ត្រ នៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។ ចំណែកអត្តសញ្ញាណនារីជាអ្នកបើកបររថយន្ដឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យមហាជនផ្ទុះប្រតិកម្មយ៉ាងខ្លាំង ព្រោះនារីដែលបង្កគ្រោះថ្នាក់បានជិះម៉ូតូកង់បីគេចខ្លួនបាត់ពីន្លែងកើតហេតុភ្លាមៗមិននៅដោះស្រាយ ដែលពួកគេចាត់ទុកទង្វើនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតជនរងគ្រោះ៕

Khcct banner

អត្ថបទទាក់ទង