លោក ឡេ មិញ ហ៊ុង នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ចំពោះមុខសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ពីការគាំទ្រនិងបន្តជំរុញអ្នកវិនិយោគវៀតណាម មកបណ្តាក់ទុននៅកម្ពុជាបន្ថែម។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំពីរ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។
សម្តេចរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅក្នុងឱកាសនេះ។ ជំនួបនាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជម្រៅនៃ «មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ និងយូរអង្វែង» រវាងប្រទេសទាំងពីរ ដែលតែងតែប្រកៀកស្មារួមសុខរួមទុក្ខជាមួយគ្នាជានិច្ច ជាពិសេសក្នុងគ្រាលំបាក។
លោក ឡេ មិញ ហ៊ុង សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។ លោកបានបញ្ជាក់ថា វៀតណាមគាំទ្រ និងសហការឥតងាករេជាមួយកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកមានជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹងនោះ កម្ពុជានឹងសម្រេចគោលដៅនៃការអភិវឌ្ឍជាមិនខានឡើយ។
សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ពីការអះអាងជាថ្មីរបស់លោកប្រធានរដ្ឋវៀតណាម ដែលសម្តេចបានជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីព្រឹកមិញ ដោយបានបញ្ជាក់ច្បាស់ពីកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងកម្រិតជាតិ និងក្រោមជាតិ។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរវាង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ុង កាលពីខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់យ៉ាងជ្រាលជ្រៅ និងទទួលបាននូវលទ្ធផលសំខាន់ៗ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕