សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅវៀតណាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ពីការបន្តពង្រឹកកិច្ចសហប្រតិបត្តុការជាមួយគ្នាឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង» ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា។
ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ លោកប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកក៏បានអបអរសាទរផងដែរចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាលើការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចរដ្ឋសភា បានថ្លែងអំណរគុណជូនឯកឧត្តមប្រធានរដ្ឋ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបសម្តេចនាឱកាសនេះ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។ សម្តេចបានអបអរសាទរយ៉ាងកក់ក្តៅដោយផ្ទាល់ចំពោះលោក ដែលត្រូវបានសមាជគណបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ បោះឆ្នោតជ្រើសតាំងជាថ្មីម្តងទៀត ជាអគ្គលេខាធិការបក្សសម្រាប់មួយអាណត្តិទៀត (ឆ្នាំ២០២៦-២០៣១) កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្ត្រ ដឹកនាំប្រទេសវៀតណាមឈានឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៤៥ ខាងមុខ៕