Swift cc time

វត្តមានថ្មីនៃលោក កឹម សុខា អាចជាសារដ៏ស័ក្តិសិទ្ធិការពារ«ផ្ទៃក្នុងខ្មែរ»ពីសារអុជអាលខាងក្រៅប្រទេស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោក កឹម សុខា  ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិរង់ចាំ ស្ថិតក្នុងឃុំ​ស្ល​ក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ភ្នំពេញ៖ លោក កឹម សុខា ដែលគេស្គាល់ថាជា អ្នកនយោបាយចាស់វស្សា និង មានប្រជាប្រិយភាពបន្ទាប់ពី សម្តេច ហ៊ុន សែន និង លោក សម រង្សី បានចាប់ផ្តើមចេញនូវសកម្មភាពជាថ្មី ក្រោយទទួលបានការសន្តោសប្រណីពីព្រះមហាក្សត្រខ្មែរ តាមការស្នើសុំពីនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេច ហ៊ុន ម៉ាណែត។វត្តមានលោក កឹម សុខា នាពេលនេះ ធ្វើឡើងចំពេលកម្ពុជាទទួលរងការឈ្លានពានជាថ្មីពីយោធាថៃ ហើយទាមទារឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ភាគីពាក់ព័ន្ធរួមសាមគ្កីគ្នា ដើម្បីការពារការបែកបាក់ផ្ទៃក្នុងជាចាំបាច់។ក្នុងន័យនេះ សកម្មភាពថ្មីរបស់លោក កឹម សុខា ក៏អាចជាថ្នាំបន្សាបដ៏មានប្រសិទ្ធភាពមួយលើការព្យាបាលជំងឺនយោបាយ បែប អុជអាល ញុះញង់ ពីខាងក្រៅប្រទេសលើបញ្ហាព្រំដែន ខ្មែរ-ថៃ។ 

ក្រោយទទួលបានការលើកលែងទោសជាបន្តបន្ទាប់ពី ព្រះមហាក្សត្រ នៅថ្ងៃនេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោល ចាប់ផ្តើមចេញធ្វើសកម្មភាពឡើងវិញ ដោយបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិរង់ចាំ ស្ថិតក្នុងឃុំ​ស្ល​ក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រៅពីចុះសួរសុខទុក្ខ ជនភៀសសឹកខ្មែរ រងគ្រោះដោយសារឈ្លានពានពីយោធាថៃ អតីតមេបក្សប្រឆាំងរូបនេះ ក៏បានចុះសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដី ក្នុងខេត្តឧត្តរមានជ័យថែមទៀតផង។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋជនភៀសសឹក លោក កឹម សុខា បានថ្លែងសារជាមួយទឹកមុខញញឹមថា លោកមកទីនេះ មិនមែនតំណាងឱ្យរដ្ឋាភិបាលទេ ប៉ុន្តែលោកថា ទោះភា​គីរដ្ឋាភិបាល ឬភាគីក្រៅរដ្ឋាភិបាលក៏ដោយ គឺសុទ្ធតែជាការយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលកំពុង​ជួបផលលំបាកដូចគ្នា។

លោក កឹម សុខា ត្រូវបានលើកលែងទោសពីការជាប់ពន្ធនាគាររយៈ២៧ឆ្នាំ តាមរយៈព្រះរាជក្រឹត្យព្រះមហាក្សត្រ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៥ ឧសភា ឆ្នាំ២០២៦។ក្រោយមកទៀត ពោលគឺនៅថ្ងៃទី ២៤ កក្កដានេះ លោកត្រូវបានព្រះមហាក្សត្រ លើកលែងទោសចំពោះទោសបន្ថែម ត្រង់ចំណុច ហាមឃាត់ចំពោះការចាកចេញពីទឹកដីកម្ពុជា។មានន័យថា លោក កឹម សុខា អាចធ្វើដំណើរទៅក្រៅប្រទេសឡើងវិញបាន។

ការវិវត្តស្ថានការណ៍នយោបាយកម្ពុជានាពេលចុងក្រោយនេះ គឺជាការផ្សះផ្សាជាតិកម្ពុជា ពង្រឹងការសាមគ្គីភាពជាតិផ្ទៃក្នុង ចំពេលការឈ្លានពានពីប្រទេសថៃ។ហើយម្យ៉ាងវិញទៀត វានឹងក្លាយជាថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិ ចំពោះជំងឺនយោបាយខ្មែរបែបសារ  អុជអាល ញុះញង់ ពីខាងក្រៅប្រទេស លើបញ្ហាព្រំដែន ខ្មែរ-ថៃ។

សម្តេច ហ៊ុន សែន មេដឹកនាំកម្ពុជាចាស់វស្សា អាចថាជាតួអង្គនយោបាយដ៏សំខាន់នៃដំណើរការវិវត្តនេះ ព្រោះបានបង្ហាញនូវអាកប្បកិរិយា ប្រកបដោយសារទរពីមហាជនខ្មែរ ពេលដែលសម្តេច អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពមាតាបង្កើតរបស់លោក កឹម សុខា ដែលគេយល់ថា ជាសារបង្ហាញពីការសាមគ្គីជាតិខ្មែរជាចាំបាច់ពីគ្រប់និន្នាការនយោបាយ ដើម្បីរក្សាឯកភាពផ្ទៃក្នុងជាតិ ចំពោះការឈ្លានពានពីបរទេស៕

ពាក្យទាក់ទង: កឹម សុខា ខ្មែរថៃ
Khcct banner

អត្ថបទទាក់ទង