ភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរពីរនាក់វិជ្ជមានកូវីដ-១៩ ជាពលករខ្មែរបានត្រលប់ពីប្រទេសថៃមកដល់កម្ពុជាវិញ ហើយបច្ចុប្បន្នត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ក្នុងនោះដែរ កម្ពុជាមិនមានករណីឆ្លងថ្មីបន្ថែមនោះទេ បើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៩២នាក់ (ស្រី១១១នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣២៤ នាក់ (ស្រី៦៩នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ២៧នាក់(ស្រី ២៣នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៧៦នាក់(ស្រី ១០០នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៦នាក់ (ស្រី១៣នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០០នាក់(ស្រី ០០នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក បាត់ដំបង ចំនួន ០០នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ចំនួន ០៧នាក់ (ស្រី០៥នាក់) មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ចំនួន ០៨នាក់ (ស្រី ០៦នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០១នាក់ (ស្រី០០នាក់)៕

