ភ្នំពេញ៖កម្ពុជា និងចិន បានប្រកាសពីការប្តេជ្ញាចិត្តរួមគ្នា បន្តពង្រឹងចំណងមិត្តភាពដែកថែបរវាងយោធាប្រទេសទាំងពីរ ដោយមិនអាចបំបែកបានឡើយ។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលថ្នាក់ដឹកនាំកំពូលកម្ពុជា និងស្ថានទូតចិន បានរៀបចំពិធីលៀងសាយភោជន៍អបអរសាទរខួបលើកទី ៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។កម្មវិធីនេះ មានការចូលរួមពីសម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាលោក Wang Wenbin ស្ថានទូតចិនប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងកងទ័ពកម្ពុជា និង ចិនជាច្រើននាក់ទៀត។
នៅចំពោះមុខមន្ត្រីយោធាកម្ពុជា លោក Wang Wenbin បានសម្តែងនូវការរីករាយដែលបានចូលរួមពិធីជប់លៀងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ជាមួយ សម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំយោធាកម្ពុជា។
ប្រមុខទូតចិនរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា "ចំណងមិត្តភាពដែកថែបរវាងយោធាចិន និងកម្ពុជា និងរវាងប្រទេសចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ"។
ចំណែក សម្តេច ទៀ បាញ់ បានថ្លែង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន “១ សីហា ១៩២៧-១ សីហា ២០២៦” និង បានថ្លែងសារជូនពរចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” និង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។សម្រាបសម្តេចសង្ឃឹមថា តាមរយៈកិច្ចសហការនេះ នឹងបន្តរីកចម្រើនលូតលាស់ ព្រមទាំងផ្តល់ផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ កងទ័ព និងប្រជាជនទាំងពីរ កម្ពុជា-ចិន។
គួរបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា PLA ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩២៧។កងទ័ពនេះ បែងចែកជា ៥ ប្រភេទកងទ័ពសំខាន់ៗ រួមមាន កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស កងទ័ពរ៉ុក្កែត និង កងទ័ពគាំទ្រជំនាញមានកងទ័ពគាំទ្រព័ត៌មាន, កងទ័ពលំហអាកាស និង កងកម្លាំងលំហអ៊ីនធឺណិត ដែលទទួលខុសត្រូវលើបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និង សង្គ្រាមអេឡិចត្រូនិក ដើម្បីគាំទ្រដល់ប្រតិបត្តិការចម្រុះគ្រប់ប្រភេទ៕