រតនគិរី៖ ចាប់ពីខែមិថុនា ដល់ខែកក្កដា នាដើមរដូវវស្សាឆ្នាំនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងមន្រ្តីឧទ្យានុរក្ស បានរកឃើញសំបុកសត្វក្រៀលចំនួន ៣ សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីជម្រកធម្មជាតិដ៏វិសេស ដែលបាននឹងកំពុងផ្ដល់នូវប្រភពចំណី និងទីតាំងដែលមានសុវត្ថិភាពសម្រាប់ការបន្តពូជនៃសត្វក្រៀល (Sarus Crane)។
នារដូវវស្សា សត្វក្រៀល គឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ដែលអាចហោះហើរបាន ហើយបច្ចុប្បន្នក៏ជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជលើសកលលោក (Vulnerable)។ ចាប់ពីខែមិថុនា ដល់ខែកក្កដា នាដើមរដូវវស្សាឆ្នាំនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន បានស្វែងរកសំបុកសត្វក្រៀលនៅតាមទីតាំងសំខាន់ៗ ជាលទ្ធផលបឋមដ៏គួរឱ្យរីករាយ ក្រុមការងារបានរកឃើញ សំបុកសត្វក្រៀលចំនួន ០៣ សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់គិតត្រឹមខែកក្កដានេះ។
គួរបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល៣ឆ្នាំក្រោយ គេបានរកឃើញសំបុករបស់សត្វក្រៀលបានច្រើនជាមុន។ និន្នាការវិជ្ជមាននេះ បានឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃគម្រោងរេដបូក ដែលជំរុញអោយមានកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារវាងអង្គការ មន្ត្រីជំនាញ និងប្រជាសហគមន៍មូលដ្ឋាន៕