ភ្នំពេញ៖សាឡាងដឹកអ្នកដំណើរ បានប៉ះទង្គិចគ្នាជាមួយ សាឡុងដឹកខ្សាច់ នៅចំណុចកំពង់ចម្លងស្វាយជ្រុំ បានបង្កឱ្យមានភាពភ្ញាក់ផ្អើល ហើយអ្នកនាំពាក្យក្រសួងសាធារណការ សម្ដែងការសោកស្ដាយ ដោយជំរុញឱ្យម្ចាស់អាជីវកម្មដរចម្លងត្រូវចេញមុខទទួលខុសត្រូវ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដែងការសោកស្ដាយ ចំពោះហេតុការណ៍ប៉ះទង្គិចរវាងសាឡាងដឹកអ្នកដំណើរ និងសាឡុងដឹកខ្សាច់ ស្ថិតនៅកំពង់ចម្លងស្វាយជ្រុំ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយហេតុថា សាឡាងដឹកអ្នកដំណើរមានបញ្ហាបច្ចេកទេស។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះយល់ថា បើទោះបីជាហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នករងគ្រោះក៏ដោយ លោក ស្នើឱ្យម្ចាស់អាជីវកម្មដរចម្លងត្រូវចេញមុខទទួលខុសត្រូវ ចេញមុខសូមទោស និងសន្យាមិនឲ្យហេតុការណ៍ដូចគ្នានេះកើតឡើងជាថ្មីឡើយ
ភ្លាមៗលោក អាន សំអន តំណាងឱ្យកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ បានចេញវីដេអូសុំទោសជាសាធារណៈ អំពីករណីសាឡាងដឹកអ្នកដំណើរ ប៉ះទង្គិចគ្នាជាមួយសាឡង់ខ្សាច់ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៦។ក្នុងសារនោះ លោកពន្យល់ថា ហេតុការណ៍នេះ គឺដោយសារដុំឈើ១ដុំធំហូរចូលស្លាបចង្កូតសាឡាងធ្វើឱ្យមិនអាចបញ្ជាចង្កូតបាន ទើបនាំឱ្យមានការប៉ះទង្គិចគ្នាជាមួយសាឡុងដឹកខ្សាច់ ហើយនាំឱ្យអ្នកដំណើរភ័យ។ លោក អាន សំអន បានសុំទោសជាសាធារណៈ និងបានសន្យាថាមិនឱ្យហេតុការណ៍នេះកើតឡើងជាថ្មីទៀតឡើយ។