ភ្នំពេញ៖ ក្រសួងធនធានទឹក នាថ្ងៃទី២៥ កក្កដា បានប្រកាសថាការវិវត្តយ៉ាងលឿននៃបាតុភូតព្យុះទី១២ ឈ្មោះ ណូល (Noul) T2612 ដែលកំពុងមានឥទ្ធិពលខ្លាំងលើរបប ខ្យល់មូសុងនិរតី នឹងធ្វើឱ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ជាពិសេសនៅតំបន់មាត់សមុទ្រ ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅច្រើន អាចបណ្តាលឱ្យមានរលកបោកបក់ខ្លាំងខ្ពស់ៗ។ ស្ថានភាពបែបនេះ ក្រសួងធនធានទឹក ណែនាំឱ្យពលរដ្ឋគួរប្រុងប្រយ័ត្នខ្ពស់។
បើតាមក្រសួងធនធានទឹក នៅតំបន់មាត់សមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ព្រមទាំងតំបន់ ជួរភ្នំបូកគោ ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅច្រើនជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលជាកត្តាធ្វើឱ្យងាយមានជំនន់ទឹកភ្លៀង។ ចំណែកសមុទ្រមានរលកបោកបក់ខ្លាំង និង ខ្ពស់ៗ ដោយមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម ណែនាំឱ្យពលរដ្ឋ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេៗដែលអាច កើតមានឡើងជាយថាហេតុ៕