Swift cc time

រយៈពេល១ឆ្នាំ សំណុំរឿងឆបោក Online Scams ២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញសរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈពេលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។

នេះបើយោងតាមរបាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលរាយការណ៍ដោយ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ជូនដល់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

លោក ស៊ីណារិទ្ធបានបន្តថា ក្នុងចំណោមសំណុំរឿងទាំង ២៦៨ ករណី ដែលបានបញ្ជូនទៅដល់ដៃតុលាការ គឺមានពាក់ព័ន្ធទៅនឹងមុខសញ្ញាជនសង្ស័យសរុបចំនួន ២ ៧៧៣នាក់ ខណៈដែលអ្នកកំពុងជាប់ឃុំរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់ មានចំនួន២ ២០០ នាក់ (ស្រ្តីចំនួន៣៥៣ នាក់) ក្នុងនោះមានជនជាតិខ្មែរចំនួន ៣១៣ នាក់។

យោងតាមសេចក្តីរាយការណ៍របស់លោក ឆៃ ស៊ីណារិទ្ធសមត្ថកិច្ច បានស្រាវជ្រាវ ស៊ើបអង្កេត រក ឃើញនិងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦៦៥ ទីតាំង ក្នុងនោះទី តាំងប្រព្រឹត្តបទល្មើសចំនួន ៥៨២ ទីតាំង និង ទីតាំងដែលពួកឧក្រិដ្ឋជនជ្រកសម្រាប់រត់គេចចំនួន ៨៣ ទីតាំង, និងបានបិទសៀលទីតាំងចំនួន ៥៣៧ ទីតាំងមិនឱ្យមានសកម្មភាពទៀតឡើយ។

ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(online scam) កម្ពុជាក៏បានសហការជាមួយប្រទេសជាមិត្ត រួមមាន សាធារណរដ្ឋប្រជាមានិតចិ សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ជប៉ុន អូស្រ្តាលី បណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងមួយចំនួនទៀត ព្រមទាំងអង្គការអន្តរជាតិ មជ្ឈមមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង(lMLECC) អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងការិយល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)៕


Khcct banner

អត្ថបទទាក់ទង