Swift cc time

តារាសម្ដែងជើងចាស់ ទទួលបានពានរង្វាន់ពីការចូលរួមចំណែកក្នុងវិស័យភាពយន្តខ្មែរ ក្នុងកម្មវិធី Legend Awards 2026

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ តារាសម្ដែងជើងចាស់ និងសិល្បករជំនាន់ថ្មីជាច្រើនរូប បានទទួលពានរង្វាន់ដែលឆ្លុះបញ្ចាំងពីការចូលរួមចំណែកក្នុងវិស័យភាពយន្តខ្មែរ ក្នុងកម្មវិធី Legend Awards 2026។ តាមរយៈកម្មវិធីនេះ សិល្បករ ផលិតករ និងអ្នកជំនាញក្នុងវិស័យភាពយន្ត បានមកជួបជុំគ្នា ដើម្បីអបអរសាទរនូវស្នាដៃ និងការខិតខំប្រឹងប្រែង ដែលបានចូលរួមចំណែកក្នុងការជំរុញភាពរីកចម្រើននៃវិស័យភាពយន្តខ្មែរមកដល់ពេលបច្ចុប្បន្ន។

ក្នុងកម្មវិធី Legend Awards 2026 ដែលរៀបចំឡើងកាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ បានប្រគល់ពានរង្វាន់ជាច្រើនរួមមាន៖ ពានរង្វាន់កិត្តិយស (Honorary Award) ជូនដល់អ្នកស្រី ឌី សាវ៉េត ដើម្បីថ្លែងអំណរគុណចំពោះការលះបង់ ប្រឹងប្រែង និងការរួមចំណែកយ៉ាងធំធេងរបស់លោកស្រីចំពោះវិស័យភាពយន្តខ្មែរ អស់រយៈពេលជាច្រើនទសវត្សរ៍។ តារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ បានឈ្នះពាន តួសម្តែងបុរសឆ្នើម (Best Actor) ពីការសម្ដែងក្នុងខ្សែភាពយន្ត ចាស់កំព្រា (The Old Man)។ ការសម្ដែងរបស់លោកទទួលបានការកោតសរសើរពីទស្សនិកជន និងគណៈកម្មការវាយតម្លៃ ដែលបានបង្ហាញពីសមត្ថភាពសម្ដែងដ៏មានទេពកោសល្យ និងបទពិសោធន៍ជាច្រើនឆ្នាំរបស់លោក។

ក្រៅពីកម្មវិធីក៏បានផ្តោតការយកចិត្តទុកដាក់លើសិល្បករជំនាន់ថ្មី ដែលកំពុងបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យភាពយន្ត។កញ្ញា សុន ទេពបំណង បានទទួលពាន ពានរង្វាន់តួសម្តែងនារីជំនាន់ថ្មីឆ្នើម (Best New Actress) ខណៈដែលលោក ប៊ុន សំខាន់ ទទួលបានពាន តួសម្តែងបុរសជំនាន់ថ្មីឆ្នើម (Best New Actor) សម្រាប់ការសម្ដែងក្នុងភាពយន្ត «សែនឆ្ងាយក្បែរអ្នក»។ ចំណែកឯអ្នកស្រី វណ្ណ សម្ផស្ស បានឈ្នះពាន តារាសម្ដែងស្រីឆ្នើម (Best Actress) ពីការសម្ដែងក្នុងភាពយន្ត «កូននេនម្តាយខ្មោច»។

លើសពីការប្រកាសអ្នកឈ្នះពានរង្វាន់ កម្មវិធី Legend Awards 2026 ក៏បានបង្ហាញពីការរីកចម្រើនរបស់វិស័យភាពយន្តខ្មែរ ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន។ ការផ្តល់កិត្តិយសដល់ទាំងសិល្បករជើងចាស់ និងសិល្បករជំនាន់ថ្មី គឺជាការលើកទឹកចិត្តឱ្យមានការបន្តបង្កើតស្នាដៃប្រកបដោយគុណភាព និងជំរុញឱ្យវិស័យភាពយន្តខ្មែរបន្តរីកចម្រើនទៅមុខ៕


Khcct banner

អត្ថបទទាក់ទង