Swift cc time

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី៖ រាល់ការច្នៃប្រឌិត ការតុបតែង និងការស្លៀកពាក់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ គឺត្រូវមានឫសគល់ រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណ និងអត្ថន័យដើមឡើយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានរម្លឹកឡើងអំពីការតុបតែង និងការស្លៀកពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយធៀបនឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គមនាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិតគឺត្រូវមានឫសគល់ រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃគឺមិនគួរក្លាយជាការកែបោះចោលអត្ថន័យដើមទេ។ លោកស្រីបណ្ឌិតលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម លោកស្រីបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិត ក៏បានអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។

ក្នុងវេលានេះដែរ លោកស្រីបណ្ឌិត បានពន្យល់បញ្ជាក់ថា អាពាហ៍ពិពាហ៍គឺជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារដោយសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិមិត្តបានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណបំណាច់អ្នកជំនាន់មុន ដែលបានបន្សល់ទុកដល់យើង។

ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក លោកស្រីបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖

១.ក្រសួងស្ថាប័នដែលពាក់ព័ន្ធ សូមបន្តការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកដែលផ្តល់សេវារៀបចំមង្គលការ។

២.អ្នកដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ សូមបន្តច្នៃប្រឌិតដោយមានការគោរពចំពោះទម្រង់ដើម។ សូមប្រើភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យប្រពៃណីខ្មែររបស់យើងកាន់តែស្រស់ស្អាត ប៉ុន្តែមិនមែនធ្វើឱ្យអត្ថន័យដើមបាត់បង់នោះទេ។

៣.យុវជន យុវនារី និងគូស្រករថ្មី សូមសិក្សាស្វែងយល់អំពីអត្ថន័យនៃកិច្ច ឬ ពិធីសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការរបស់ខ្លួន។ ការយល់ដឹងនេះ នឹងធ្វើឱ្យថ្ងៃមង្គលការមានអត្ថន័យកាន់តែជ្រាលជ្រៅ ពោលគឺមិនមែនសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្តាយ គ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។

៤.សូមលើកទឹកចិត្តចំពោះការបន្តប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃរបស់អ្នកជំនាញខ្មែរ ក្នុងការរៀបចំមង្គលការ។ ការធ្វើបែបនេះគឺមិនត្រឹមតែជួយលើកស្ទួយវប្បធម៌របស់យើងនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ច ជួយដល់សហគ្រិនខ្មែរ សិប្បករខ្មែរ និងអ្នកប្រកបអាជីវកម្មតូច មធ្យមផងដែរ។

៥.ក្រុមហ៊ុនរៀបចំពិព័រណ៍ និងបណ្តាដៃគូទាំងអស់ សូមបន្តធ្វើឱ្យពិព័រណ៍នេះក្លាយជាវេទិកាមួយដែលមិនមែនត្រឹមតែជាការបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក្លាយទៅជាវេទិកាមួយសម្រាប់ការរៀនសូត្រ ការផ្សព្វផ្សាយ និងការបន្តរួបរួមគ្នាអភិរក្សដង្ហើមនៃប្រពៃណីពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរយើង៕


Khcct banner

អត្ថបទទាក់ទង