អាម៉េរិក៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទូចជាថ្មីជំរុញឱ្យសហគមន៍អន្តរជាតិដោះស្រាយបញ្ហាមនុស្សធម៌ដល់ប្រជាពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ ដែលរងគ្រោះដោយសារការឈ្លានពានពីថៃ និងមិនអាចវិលចូលផ្ទះរបស់ពួកគេវិញ។បន្ថែមពីនេះ កម្ពុជាអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មី ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និង ការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ។
ថ្លែងក្នុងវេទិកាអន្តរជាតិនៅអង្គការសហប្រជាជាតិ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំUN បានរម្លឹកពីជំហររបស់កម្ពុជាពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា កន្លងទៅ។
លោក បានគូសបញ្ជាក់ពីអាទិភាពចំនួនបួនដូចខាងក្រោម៖ ការពង្រឹងតួនាទីរបស់អ.ស.ប. ក្នុងការបង្ការដោយវិធីសាស្រ្តការទូត; ការធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ; ការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា; និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជាដែលកំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង ២ម៉ឺននាក់នៅតែជាជនភៀសសឹក។
សេចក្តីបញ្ចប់នៃសន្ទរកថា លោក កែវ ឈា បានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ៕