សៀមរាប៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា កំពុងពង្រីកការទទួលបានទឹកស្អាត និងប្រកបដោយនិរន្តរភាព តាមរយៈគម្រោងការទទួលបានទឹកស្អាត (WATER) តាមរយៈការចែកចាយដោយសមធម៌ ក្នុងស្រុកសូត្រនិគម ដោយនាំយកទឹកស្អាត និងគួរឱ្យទុកចិត្តបានទៅខិតជិតនឹងក្រុមគ្រួសារ សាលារៀន និងមណ្ឌលសុខភាពនានា។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក គម្រោងនេះបានគ្របដណ្តប់លើប្រជាពលរដ្ឋជាង ៣៧០ នាក់ ហើយរំពឹងថានឹងផ្តល់ផលវិជ្ជមានដល់សមាជិកសហគមន៍បន្ថែមជាង ២.៩០០ នាក់ទៀត នៅភូមិជុំវិញនោះ។ តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ គម្រោងនេះមានគោលដៅកែលម្អការអនុវត្តលើផ្នែកទឹកស្អាត និងអនាម័យ (WASH) ព្រមទាំងធានាបាននូវការទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាពក្នុងរយៈពេលវែង។
ការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនាពេលបច្ចុប្បន្ន កំពុងដំណើរការនៅក្នុងភូមិមួយក្នុងឃុំខ្នារពោធិ៍។ ប្រព័ន្ធនេះរួមបញ្ចូលទាំងអាងស្តុកទឹក អាងចម្រោះទឹកស្អាត និងបណ្តាញទុយោចែកចាយទឹកប្រវែង ២.០០០ ម៉ែត្រ ដែលផ្តល់នូវប្រភពទឹកស្អាតប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍។
គម្រោងនេះត្រូវបានអនុវត្ត តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ ដែលបានចូលរួមចំណែកជាកម្លាំងពលកម្ម ដីធ្លី និងធនធានក្នុងមូលដ្ឋាន ដើម្បីគាំទ្រដល់ការសាងសង់ និងពង្រឹងភាពជាម្ចាស់របស់សហគមន៍។
ដើម្បីធានាបាននូវនិរន្តរភាពយូរអង្វែងនៃប្រព័ន្ធនេះ គម្រោងបានបង្កើតគណៈកម្មការគ្រប់គ្រងទឹក ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយអាជ្ញាធរមូលដ្ឋាន។ គណៈកម្មការដែលបង្កើតឡើងដោយតំណាងសហគមន៍ រួមទាំងអ្នកដឹកនាំជាស្ត្រី ទទួលបានការបណ្តុះបណ្តាលដើម្បីត្រួតពិនិត្យប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងប្រព័ន្ធទឹក ការកៀរគរធនធានក្នុងមូលដ្ឋាន និងធានាឱ្យមានការទទួលបានទឹកប្រកដបោយដោយសមធម៌សម្រាប់សមាជិកសហគមន៍ទាំងអស់។
ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោងក៏កំពុងពង្រឹងសមត្ថភាពសហគមន៍ ដើម្បីលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងការអនុវត្តអនាម័យល្អ។ ក្នុងភាពជាដៃគូជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដៃគូសហគមន៍ចំនួន ៩ ទទួលបានការបណ្តុះបណ្តាល ហើយក្រោយមកបានចែករំលែកសារគន្លឹះស្តីពីទឹកស្អាត និងអនាម័យ ទៅកាន់សមាជិកសហគមន៍ជាង ៣០០ នាក់ រួមទាំងកុមារផងដែរ។
Woo Hyun Shin អ្នកគ្រប់គ្រងទូទៅនៃមូលនិធិសប្បុរសធម៌ iM Social Contribution Foundation បានមានប្រសាសន៍ថា៖«យើងជឿជាក់ថាកុមារគ្រប់រូបសមនឹងទទួលបានឱកាសក្នុងការលូតលាស់ឡើងដោយមានសុខភាពល្អ ហើយការទទួលបានទឹកសុវត្ថិភាព គឺជាជំហានដ៏សំខាន់បំផុតមួយឆ្ពោះទៅកាន់គោលដៅនោះ។ តាមរយៈកិច្ចសហការជាដៃគូរបស់យើងជាមួយអង្គការទស្សនៈពិភពលោក ប្រចាំនៅកម្ពុជា លើគម្រោង WATER យើងមានមោទនភាពដែលបានជួយនាំយកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប្រកបដោយទំនុកចិត្តជូនដល់គ្រួសារ សាលារៀន និងមណ្ឌលសុខភាព នៅក្នុងស្រុកសូទ្រនិគម ដែលបានពឹងផ្អែកលើប្រភពទឹកគ្មានសុវត្ថិភាព និងគ្មានការការពារជាយូរមកហើយ។ យើងមានសេចក្តីរំភើប ពិសេសចំពោះគណៈកម្មាធិការគ្រប់គ្រងទឹកស្អាតដែលដឹកនាំដោយសហគមន៍ផ្ទាល់ ដែលធានាថាជោគជ័យនេះនឹងមាននិរន្តភាព បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។ ជាងនេះទៅទៀត យើងរំពឹងថា គម្រោងនេះជួយកាត់បន្ថយជំងឺឆ្លងតាមទឹក និងគាំទ្រដល់ការអភិវឌ្ឍប្រកដោបយសុខុមាលភាពសម្រាប់ កុមារនាពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់យើងចំពោះសុខុមាលភាពរបស់ពួកគេ និងការកសាងសហគមន៍ដែលមានភាពធន់នៅក្នុងប្រទេសកម្ពុជា»។
លោក លន់ រិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ស្រុកសូត្រនិគម បានមានប្រសាសន៍ថា៖
«រដ្ឋបាលស្រុក បានគាំទ្រដល់គម្រោងយ៉ាងសស្រាក់សស្រាំ ដោយបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីអនុម័តលើទីតាំងសាងសង់ ចុះពិនិត្យការដ្ឋានសាងសង់ដើម្បីតាមដានវឌ្ឍនភាព និងតាមដានសំណើរបស់សហគមន៍ដើម្បីសុំការអនុម័តពីគណៈអភិបាលខេត្ត។ ខ្ញុំរំពឹងថា ប្រព័ន្ធតភ្ជាប់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងផ្តល់ទឹកស្អាត លើកកម្ពស់សុខុមាលភាពរបស់កុមារ និងប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅនៃគម្រោង តាមរយៈការទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការពារពួកគេពីការរងផលប៉ះពាល់ដោយជំងឺឆ្លងតាមទឹក»។
លោក សំ អាត ប្រធានគណៈកម្មការគ្រប់គ្រងទឹក បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ សហគមន៍មានលទ្ធភាពទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលជួយការពារជំងឺនានាដែលបង្កឡើងដោយការប្រើប្រាស់ទឹកដែលមិនមានសុវត្ថិភាព។ វាក៏ជួយសន្សំសំចៃពេលវេលារបស់ប្រជាពលរដ្ឋផងដែរ ដោយសារពួកគេលែងចាំបាច់ចំណាយពេលបូម និងចម្រោះទឹកទៀតហើយ»។
គម្រោង WATER បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ក្នុងការធ្វើការងាររួមគ្នាជាមួយសហគមន៍ និងដៃគូរដ្ឋាភិបាល ដើម្បីផ្ដល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលជួយលើកកម្ពស់សុខភាពកុមារ ពង្រឹងភាពធន់សហគមន៍ និងបង្កើតឱកាសយូរអង្វែងសម្រាប់គ្រួសារនានា។
គំនិតផ្ដួចផ្ដើមនេះអាចកើតឡើងបាន គឺដោយសារមានការគាំទ្រពីធនាគារ iM Bank និងមូលនិធិសប្បុរសធម៌ iM Social Contribution Foundation ដែលប្ដេជ្ញាចិត្តចំពោះការផ្លាស់ប្រែជាវិជ្ជមានដល់សង្គម គឺការជួយគាំទ្រការពង្រីកការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់សហគមន៍ងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ ក្នុងភាពជាដៃគូ ជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់សុខភាព ពង្រឹងភាពធន់របស់សហគមន៍ និងធានាថាកុមារព្រមទាំងក្រុមគ្រួសារអាចរីកចម្រើនទៅមុខបាន ជាមួយនឹងការផ្តល់ទឹកស្អាតដែលគួរឱ្យទុកចិត្ត និងមាននិរន្តរភាព៕