ភ្នំពេញ៖ លោកស្រី Angela Jolie ដែលជាតារាសម្តែងហូលីវូដ នាថ្ងៃទី២៤ កក្កដានេះ បានចេញសាររំលឹកខួបមួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា បានបំផ្លាញផ្ទះសម្បែង សុវត្ថិភាព និងស្ថិរភាពរបស់ពលរដ្ឋកម្ពុជាជាច្រើន រហូតមកដល់បច្ចុប្បន្ននៅមានមនុស្សជិត ៣០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់មកផ្ទះវិញបាន។ លោកស្រី Angela Jolie បានបង្ហាញពីការឈឺចាប់នៃការជម្លៀសបុគ្គលិកមូលនិធិរបស់លោកស្រីនៅកម្ពុជា ដោយសារការផ្ទុះជម្លោះព្រំដែន និងការជម្លៀសរបស់ពលរដ្ឋកម្ពុជាដទៃទៀត។
តារាសម្តែងហូលីវូដ លោកស្រី Angela Jolie បានបញ្ជាក់ពីការស្រឡាញ់មកលើប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់កូនលោកស្រី និងជាផ្ទះរបស់លោកស្រីនៅទីនេះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ កន្លងមក លោកស្រីបានដឹកនាំមូលនិធិ Maddox ដើម្បីអភិរក្ស និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា ដែលមានទីស្នាក់ការកណ្តាលនៅជិតព្រំដែនដែលជម្លោះមានជម្លោះ។
សាររបស់លោកស្រី បានបន្ថែមទៀតថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីឆ្នាំមុន បានបណ្តាលឱ្យជម្លៀសបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ ដែលជាការរំលឹកដ៏ឈឺចាប់មួយថា តើជម្លោះអាចវិលត្រឡប់មកវិញបានលឿនប៉ុណ្ណា? លោកស្រី បានលើកឡើងថា «ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ»៕