Swift cc time

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះMOUជាមួយ សមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី ដើម្បីជួយ«អតីតយុទ្ធជន និងនិវត្តជន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា នៅថ្ងៃទី ២៣ កក្កដានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ក្នុងMOUនេះ ក្នុងគោលបំណងរឹតចំណងនៃកិច្ចសហការធុរកិច្ចជាមួយគ្នា បន្តជួយគាំទ្រគ្នាក្នុងស្មារតីជាភាតរភាព និង ដើម្បលើកកម្ពស់វិស័យអតីតយុទ្ធជននៃប្រទេសទាំងពីរ។ពិធីចុះនេះ រៀបចំឡើងដោយមានលោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយតំណាងភាគីចិន។

បន្ថែមពីការចុះ MOU ភាគីទាំងពីរក៏បានរៀបចំ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» លើកដំបូង ក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» ដោយមានក្រុមហ៊ុន ចំនួន ៦០ ក្រុមហ៊ុន។

ក្រុមអ្នកវិនិយោគចិនជាង៧០នាក់ បានជួបជជែកគ្នាដើម្បីស្វែងយល់ពីឱកាសនៃការវិនិយោគ ដោយមានបទបង្ហាញពីមន្ត្រីជំនាញមកពីក្រសួងពាក់ព័ន្ធ មានក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ ព្រមទាំងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមទទួលបន្ទុកធុរកិច្ច​ និងវិនិយោគ បានបញ្ជាក់ថា «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» នេះគឺជាព្រឹត្តិការណ៍សហប្រតិបត្តិការធុរកិច្ចលើកដំបូងដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានរៀបចំឡើងក្នុងគោលបំណងធំៗចំនួន៤​រួមមាន៖ ១.ឈ្វេងយល់ពីតួនាទីរបស់សមាគម ២.ឈ្វេងយល់ពីបរិយាកាសវិនិយោគ ៣.ឈ្វេងយល់ពីឱកាស និងសក្តានុពលនៃការវិនិយោគ ៤.បង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន។

អ្នកឧកញ៉ា ម៉ម វណ្ណឌី សង្កត់ធ្ងន់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រៀមខ្លួនធ្វើជាស្ពានចម្លងដ៏ជឿទុកចិត្ត រវាងវិនិយោគិនចិន និងភាគីពាក់ព័ន្ធនៅកម្ពុជា ដោយផ្តោត និងគាំទ្រតែលើធុរកិច្ចដែលស្របច្បាប់។ ការងារបេសកកម្មចម្បងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្វែងរកការវិនិយោគមិនមែនសម្រាប់តែផលប្រយោជន៍ពាណិជ្ជកម្មសុទ្ធសាធនោះទេ ប៉ុន្តែជាបេសកកម្មក្នុងការលើកកម្ពស់សុខុមាលភាព សេចក្តីថ្លៃថ្នូរ និងជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន និវត្តជន ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេច ហ៊ុន សែន ប្រធានសមាគម៕

Khcct banner

អត្ថបទទាក់ទង