ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតនៅផ្ទះលេខ ០០៦ ផ្លូវលេខ ៥៦៨ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ដោយបានរកឃើញជនបរទេស ២៥នាក់ និងសម្ភារមួយចំនួន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៩:២០នាទី ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណ:បញ្ជាការឯកភាពរាជធានី ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ មានកិច្ចសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងខាងលើ កម្លាំងចម្រុះបានរកឃើញជនបរទេសចំនួន ២៥នាក់ ស្រី០៤នាក់ មាន ០២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន ២១នាក់ (គ្មានលិខិតឆ្លងដែន ១៧នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចំនួន ២នាក់) និងជនជាតិមីយ៉ាន់ម៉ា ៤នាក់។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានរកឃើញវត្ថុតាងមួយចំនួន រួមមាន៖ CPU និង Monitor ជាច្រើនគ្រឿង ដែលត្រូវបានសង្ស័យថាអាចពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតីវិធីជំនាញ ចំណែកឯផ្ទះវីឡាខាងលើត្រូវបានបិទឃ្លុំជាបណ្ដោះអាសន្ន៕