ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council - US-ABC) បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលរបស់កម្ពុជា តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យថែទាំសុខភាព។
ជំនួបរវាងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council - US-ABC) ដឹកនាំដោយ លោក Brian McFeeters ប្រធានគណៈប្រតិភូ និងជាប្រធាននាយកប្រតិបត្តិ (President & CEO) នៃ US-ABC អមដំណើរដោយ លោកស្រី Aleks Zittle ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនឯកជនអាម៉េរិកសំខាន់ៗជាច្រើន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ឈាង រ៉ា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក និងវិស័យឯកជនអាម៉េរិក ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ជាការឆ្លើយតប គណៈប្រតិភូ US-ASEAN Business Council បានថ្លែងអំណរគុណជូនចំពោះ រដ្ឋមន្ត្រីសុខាភិបាល និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យថែទាំសុខភាព។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើប្រធានបទអាទិភាពមួយចំនួន រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងវិស័យឯកជន, ការលើកកម្ពស់អាហារូបត្ថម្ភ និងការអនុវត្ត Nutrition Care Process (NCP) ការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាមតាមរយៈបច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ផលិតផលដែលមានជាតិស្ករទាប និងការអប់រំសុខភាពដើម្បីបង្ការជំងឺមិនឆ្លង (NCDs) ការពង្រឹងការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក ព្រមទាំងការលើកកម្ពស់គោលនយោបាយសុខភាពសាធារណៈពាក់ព័ន្ធនឹងការកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងស្រវឹង៕