ភ្នំពេញ៖ ក្រុមហ៊ុន BEST LIFE PRODUCT នាថ្ងៃទី២០ កក្កដា បានសម្តែងនូវកតញ្ញូតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការងារបច្ចេកទេសពាក់ព័ន្ធរបស់រដ្ឋមន្ត្រីកសិកកម្ម និងមន្ត្រីពាក់ព័ន្ធ ជាមួយអគ្គរដ្ឋបាលគយចិន រហូតទទួលបានការអនុញ្ញាតចុះបញ្ជីកាជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) លេខ CKHM03012607150001 ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីការនាំចេញផលិតផលសំបុកត្រចៀកកាំពី កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
លោកស្រី វ៉ា សុជិន ស្ថាបនិក និងជាអគ្គនាយិកា តំណាងឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន បានសម្តែងសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមសម្តែងនូវគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ស្មោះអស់ពីដួងចិត្ត គោរព ជូនចំពោះ លោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការដឹកនាំ គាំទ្រ និង ត្រួសត្រាយផ្លូវឱ្យក្រុមហ៊ុនសម្រេចបាននូវជោគជ័យជាប្រវត្តិសាស្ត្រមួយនេះ។
លោកស្រីអគ្គនាយិកា បានបញ្ជាក់ថា ជោគជ័យដ៏ត្រចះត្រចង់នេះ មិនអាចកាត់ផ្តាច់បានពីការយកចិត្តទុកដាក់ខ្ពស់របស់ លោករដ្ឋមន្ត្រី អគ្គនាយកដ្ឋានកសិកម្ម និង អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ ព្រមទាំងអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ជាពិសេស លោកបណ្ឌិត នូ វនិកា ដែលបានខិតខំប្រឹងប្រែងក្នុងការគាំទ្រការងារលើកកម្ពស់ស្តង់ដា អនាម័យជាមួយវិស័យឯកជនក្នុងការតម្រង់ទិស ពង្រឹងគុណភាព ស្របតាមតម្រូវការរបស់ GACC ព្រមទាំងបាន ធ្វើការទំនាក់ទំនង សម្របសម្រួល និងពិភាក្សាលើការងារបច្ចេកទេសយ៉ាងស្វិតស្វាញជាមួយ GACC រហូតសម្រេច បានផ្លែផ្កាជាផ្លូវការនាពេលនេះ។
បន្ថែមពីនេះ លោកស្រី វ៉ា សុជិន បានគោរពជូនពរចំពោះ លោករដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងម ន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំង មោះមុត ជោគជ័យគ្រប់ភារកិច្ច៕