ភ្នំពេញ៖ គ្រូបង្គោលកម្ពុជាចំនួន ២៦នាក់ (ស្ត្រី ៤នាក់) មកពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសហគ្រាសឯកជន បាន និងកំពុងទទួលការបណ្ដុះបណ្ដាលជំនាញ «រ៉ូបូតឧស្សាហកម្ម» រយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី១៩-៣១ កក្កដា ២០២៦ នៅទីក្រុងប៉េកាំង ប្រទេសចិន។
SDF, ILO និង BITC បានសហការបើកវគ្គបណ្តុះបណ្តាលនេះឡើងក្រោម «កម្មវិធីភាពជាដៃគូ ILO/China លើការពង្រឹងការអភិវឌ្ឍជំនាញ» ក្នុងគោលបំណងពង្រឹងសមត្ថភាពដំឡើង កំណត់កម្មវិធី និងដោះស្រាយបញ្ហាបច្ចេកទេសប្រព័ន្ធរ៉ូបូត ដើម្បីយកចំណេះដឹងទាំងនេះទៅបណ្តុះបណ្តាលបន្តជូនសិស្ស-និស្សិត និងកម្មករនិយោជិតនៅកម្ពុជា។
គិតមកទល់ពេលនេះ មានគ្រូបង្គោលដែលទទួលបានការគាំទ្រសរុបចំនួន ៥៦រូបហើយ ដែលទទួលបានការអភិវឌ្ឍជំនាញដែលមានតម្រូវការទីផ្សារខ្ពស់ ដោយក្នុងនោះមាន ជំនាញ EV ៣០រូប និង រ៉ូបូតឧស្សាហកម្ម ២៦រូប។
គួរបញ្ជាក់ថា កម្មវិធីនេះ គឺជាកិច្ចសហប្រតិបត្តិការលើកទី៣ បន្ទាប់ពីទទួលបានជោគជ័យលើវគ្គបណ្ដុះបណ្ដាលជំនាញថែទាំយានយន្តអគ្គិសនីកម្រិតខ្ពស់ (EV) នាពេលកន្លងមកទាំងនៅប្រទេសចិន និងកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រូបង្គោល TVET នឹងជួយផ្ទេរចំណេះដឹងបន្តជូនសិស្ស-និស្សិតយ៉ាងហោចណាស់ ១ពាន់នាក់ ត្រឹមឆ្នាំ២០២៩ ហើយគ្រូបង្គោលបច្ចេកទេសវិញ នឹងចែករំលែកចំណេះដឹងបន្តជូនក្រុមការងារក្នុងសហគ្រាស និងគាំទ្រការចុះកម្មសិក្សារបស់សិស្ស-និស្សិត៕